សុខៗ ទៅសើចចំអកតួស្រីចិនដ៏ល្បី Zhao Lusi មានអីត្រូវអ្នកលេងអ៊ីនធឺណេតរិះគន់ដូចទឹកបាក់ទំនប់
ដូចដែលអ្នកគាំទ្របានដឹងមកហើយ កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ តារាសម្ដែងស្រីរបស់ចិន Zhao Lusi បានមានវត្តមានអញ្ជើញចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី Milan Fashion Week ហើយនៅពេលនោះដែរ តារាស្រីរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រទូទាំងអាស៊ី ពិសេសនៅក្នុងប្រទេសចិនតែម្ដង។
ទោះជាយ៉ាងណា អ្វីដែលទស្សនិកជនសម្គាល់ឃើញនៅពេលនោះ គឺខណៈពេល Zhao Lusi បង្ហាញខ្លួន ថតរូបឈរនៅកណ្តាលហ្វូងមនុស្សម្នាជាច្រើននៅក្នុងកម្មវិធី Milan Fashion Week ស្រាប់តែមានស្រ្តីបរទេស ២ នាក់ឈរពីក្រោយនាង ធ្វើត្រាប់តាមសកម្មភាពរបស់ Lusi ហើយសើចក្អាកក្អាយដាក់គ្នាទៅវិញទៅមក។
លើសពីនេះ ក្នុងចំណោមស្រ្តីទាំងពីរនាក់នោះ គឺមានម្នាក់ដែលព្យាយាមខិតជិតដើម្បីឱ្យមានភាពលេចធ្លោខ្លាំងជាង Zhao Lusi ទៀតផង ហើយបន្ទាប់ពីវីដេអូឃ្លីបនោះ បានបង្ហោះចែកចាយពេញបណ្តាញសង្គម ទស្សនិកជនភាគច្រើនកាន់តែក្តៅឆួលយ៉ាងខ្លាំង ដោយមិនពេញចិត្តចំពោះសកម្មភាពមិនគោរព ដែលចិត្តទុកថាជារើសអើងជាតិសាសន៍ និងមើលងាយ៕