ទើបតែមានវ័យ ២៧ ឆ្នាំ តែ ឃី ប៊ុនសុង ដែលរៀនចប់បរិញ្ញាបត្រភាសាអង់គ្លេសបែរមកចាប់មុខរបរចិញ្ចឹមមាន់ស្រែលក់ ដោយក្នុង ១ ខែរកចំណូលបានមិនក្រោម ១០០០ ដុល្លារឡើយ ។
ឃី ប៊ុនសុង បានរៀបរាប់ពីការបង្កើតកន្លែងចិញ្ចឹមមាន់ស្រែដោយខ្លួនឯងនៅលើផ្ទៃដី ៦០ អា នាភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ឱ្យដឹងថា ទើបតែចាប់ផ្តើមកាលពីដើមឆ្នាំ ២០២០ នេះទេ ដោយប្រឈមការលំបាកច្រើន ព្រោះត្រូវចាក់ដីបំពេញលើទីតាំង រៀបចំធ្វើទ្រុងមាន់ ធ្វើអណ្តូងទឹក ធ្វើរបង ទិញសម្ភារសម្រាប់ចិញ្ចឹម និង ទិញពូជមាន់មកចិញ្ចឹមចំនួន ៣០០ ក្បាល ដែលចំណាយដើមទុនប្រមាណជិត ១០ ០០០ ដុល្លារ ។
ក្រោយពីការចិញ្ចឹមបានរយៈ ៣ ទៅ ៤ ខែ មាន់ក៏ហុចផលដោយមួយក្បាលៗឡើងទម្ងន់បានពី ១ គីឡូ ក្រាមទៅជិត ២ គីឡូក្រាម និង ចេះតែទិញចូលលក់ចេញហូរហែ រហូតពេលនេះការចិញ្ចឹមបានកើនដល់ជិត ២០០០ ក្បាល ហើយមាន់ដែលចិញ្ចឹមបានគឺមិនលំបាកលក់ឡើយ ព្រោះមានម៉ូយទទួលទិញយកអស់ ។
រំឭកពីមូលហេតុនាំឱ្យរូបគេចាប់របរចិញ្ចឹមមាន់ស្រែនេះ ដោយសារតែរូបគេចាប់អារម្មណ៍មើលឃើញទីផ្សារមាន់ស្រែល្អ ពិសេសប្រជាជនខ្មែរនិយមបរិភោគមាន់ស្រែព្រោះវាមានរសជាតិឆ្ងាញ់ ។
ចំពោះចំណីមាន់គឺបានកែ្នច្នៃពីធម្មជាតិពិតៗគ្មានសារធាតុគីមីឡើយ ក្នុងនោះមានលាយអាសូឡាដោយដាំបាន ២ អាង លាយត្រកួន លាយស្មៅផ្អែម លាយស្ពៃក្តោបដែលគេបកស្រទាប់វាចោល… កិនចូលគ្នា ។ ការចិញ្ចឹមមាន់ស្រែសំខាន់ត្រូវមើលថែទាំដូចកូនង៉ែត ព្រោះបើអាកាសធាតុក្តៅខ្លាំងមាន់នឹងឈឺរលាកពោះវៀន បើធ្លាក់ភ្លៀងខ្លាំងមាន់នឹងឈឺផ្តាសាយ បើធ្លាក់ខ្យល់ត្រជាក់ខ្លាំងមាន់នឹងឈឺអាចម៌ស្ករ… ហេតុនេះត្រូវចេះការពារមើលរក្សាសីតុណ្ហភាពក្នុងទ្រុងមាន់ឱ្យបានល្អ ទើបការពារមិនឱ្យមាន់ឈឺងាប់បាន ។
វិធីចិញ្ចឹមមាន់ស្រែរបស់ ឃី ប៊ុនសុង គឺចេះតាមរយៈដកពិសោធន៍ផ្ទាល់ខ្លួនឯងផង មើលតាមយូធូបផង មើលតាមរយៈគ្រុបចិញ្ចឹមមាន់ស្រែផង ដើរមើលពីវិធីចិញ្ចឹម និង របៀបធ្វើទ្រុងមាន់របស់គេខ្លះផង ក្នុងនោះក៏មានការសាកសួរយោបល់ពីពេទ្យសត្វទៀត ។
មិនបញ្ឈប់ត្រឹមនេះទេ បើតាម ឃី ប៊ុនសុង បង្ហើបឱ្យដឹងថា ចុងឆ្នាំនេះគេនឹងពង្រីកការចិញ្ចឹមមាន់បន្ថែមទៀត ពោលគឺមានទាំងការចិញ្ចឹមយកសាច់ ការចិញ្ចឹមមាន់យកពងវាមកភ្ញាស់កូនលក់ និង លក់ថ្នាំវាក់សាំងសម្រាប់កូនមាន់ផងដែរ ។ បើចង់ចិញ្ចឹមមាន់លក់ពេលចាប់ផ្តើមចាំបាច់ត្រូវស៊ើបរកម៉ូយ ឬ ទីផ្សារឱ្យហើយ ដើម្បីកុំឱ្យពិបាកនៅពេលមាន់គ្រប់គីឡូត្រូវលក់ហើយគ្មានអ្នកទទួលទិញ នាំឱ្យខាតពេលវេលា និង អស់ចំណីកាន់តែច្រើន ពិសេសមាន់ដែលគេគ្រប់គ្នាពេញនិយមគឺចាប់ពី ១ គីឡូក្រាមទៅ ២ គីឡូក្រាម បើធំពេកសាច់វាស្វិតមិនសូវឆ្ងាញ់ឡើយ ៕