មានដី ៥០ ម៉ែត្រការ៉េ ដាំត្រកួនក្នុងផ្ទះសំណាញ់ ក៏អាចរកចំណូល ៣ លានរៀលក្នុង១ខែ
ប្រសិនបើ កសិករ មានដីគួរកុំទុកចោលឱ្យនៅទំនេរ គ្រាន់តែដាំត្រកួនលើផ្ទៃដីទំហំ ៥០ ម៉ែត្រការ៉េ ក៏អាចរកចំណូលបាន ៣ លានរៀលដែរក្នុង១ខែៗ ។ ជាកស្តែងដូចជាកសិករ សូ សាប៊ន រស់នៅភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង គាត់បានដាំត្រកួនក្នុងផ្ទះសំណាញ់លើផ្ទៃដីទំហំ ៥ គុណ ១០ ម៉ែត្រ ក្នុង១ខែគាត់អាចរកចំណូលពីការលក់ត្រកួននេះបានរហូតដល់ទៅ ៣ លានរៀល ។
កសិករ សូ សាប៊ន បានឱ្យដឹងថា គាត់បានប្រកបរបរដាំត្រកួននេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែកាលពីមុន គាត់បានដាំតាមបែបធម្មជាតិ ប្រើប្រាស់ថ្នាំ និង ជីគីមីខ្លះ ឃើញថា ត្រួនល្អ ប៉ុន្តែលក់មិនបានថ្លៃឡើយ ។ ទើបតែពេលនេះគាត់ ត្រូវបាន កម្មវិធី ASPIRE តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ និង នេសាទ ខេត្តស្វាយរៀង បានឧបត្ថម្ភ ផ្ទះសំណាញ់មួយ ទំហំ ៥ គុណ ១០ ម៉ែត្រ គាត់ក៏សម្រេចចិត្តដាំត្រកួនក្នុងផ្ទះសំណាញ់នេះតែម្តង ។ ក្រោយពីចាប់ផ្តើមដាំបាន ១៥ ថ្ងៃ គាត់ក៏ចាប់ផ្តើមប្រមូលផលត្រកួនលក់រាល់ថ្ងៃ ដោយក្នុង ១ ថ្ងៃ គាត់អាចកាត់បន្លែត្រកួនយកទៅលក់បានចំនួន ៥០គីឡូក្រាមក្នុង១ថ្ងៃ ។ ដោយលក់បានតម្លែ ២ ០០០ រៀល ក្នុង១គីឡូក្រាម ដូច្នេះក្នុង ១ ថ្ងៃគាត់អាចលក់ត្រកួនបាន ១០០០ ០០០ រៀល ដែលតម្លៃនេះខ្ពស់ជាងកាលពីគាត់ដាំប្រើជី និង ថ្នាំគីមី និង ពេលនេះមិនខ្វះទីផ្សារឡើយ ដោយបន្លែត្រកួនរបស់គាត់មានម៉ូយកក់ទុកជាប្រចាំតែម្តង ។
កាលពីពេលថ្មីៗនេះ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត និង ក្រុមការងារ បានចុះទៅពិនិត្យមើលការដាំបន្លែត្រកួនក្នុងផ្ទះសំណាញ់ របស់កសិករ សូ សាប៊ន ហើយបានកោតសរសើរពីការខិតខំដាំត្រកួនក្នុងផ្ទះសំណាញ់របស់កសិកររូបនេះ រហូតទទួលបានជោគជ័យ ។ លោកប្រធានមន្ទីរក៏បានជំរុញ និង លើកទឹកចិត្តដល់កសិករផ្សេងៗទៀត ឱ្យដាំបន្លែទទួលបានជោគេជ័យ ដូចកសិករ សូ សាប៊ន ផងដែរ ៕
ប្រភព៖ ប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង