មិនស្តាប់ឪពុកម្តាយ មានះទៅរៀបការជាមួយសង្សារក្រីក្រ គ្រាន់តែទៅឃើញផ្ទះខាងប្រុស ស្រក់ទឹកភ្នែកម៉ាត់ៗ
មហាជនជាច្រើនកំពុងតែរំជួលចិត្ត ជាមួយនឹងរឿងរ៉ាវរបស់នារីម្នាក់ ដែលតស៊ូជម្នះចិត្តឪពុកម្តាយ ទៅរៀបការជាមួយនឹងសង្សារជាអ្នកជនបទក្រខ្សត់ ហើយគ្រាន់តែទៅឃើញផ្ទះខាងប្រុស ស្រាប់តែទឹកភ្នែកហូរស្រក់ម៉ាត់ៗនិយាយស្តីមិនចេញ។
តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះ បានជួបគ្នាជាមួយសង្សារខណៈពេលចេញពីស្រុកទៅធ្វើការនៅទីក្រុង។ សង្សាររបស់នាងជាមនុស្សក្រខ្សត់ មកពីខេត្តដាច់ស្រយាលពិតមែន តែនាងក៏មិនដែលមើលថាជាបញ្ហាឡើយ ព្រោះសង្សាររូបនេះ ជាមនុស្សឧហ្សាហ៍ និងស៊ូនឹងជីវិតខ្លាំងណាស់។ យ៉ាងណាមិញ គ្រួសារខាងស្រីមិនពេញចិត្តជាមួយនឹងទំនាក់ទំនងនេះនោះទេ ព្រោះយល់ថាខាងប្រុសមានឋានៈមិនល្អ តែខាងស្រីនៅតែក្រាញស៊ូរួមស្នេហាជាមួយខាងប្រុស រហូតទាល់តែដល់ថ្ងៃចូលរោងការ។
ដោយឡែក ពេលរៀបការហើយ ខាងប្រុសក៏បាននាំប្រពន្ធទៅរស់នៅឯស្រុកកំណើតរបសខ្លួន ដល់ពេលឃើញផ្ទះប្តីភ្លាម នាងក៏ស្រក់ទឹកភ្នែកទាំងក្នុងឈុតកូនក្រមុំតែម្តង។ ផ្ទះនោះដែរ ជាផ្ទះចាស់ទ្រុឌទ្រោមជាងគេជាងឯង ដែលសម្តែងឱ្យដឹងពីឋានៈតោកយ៉ាករបស់ខាងប្រុស តែមូលហេតុដែលខាងស្រីយំ គឺមិនមែនដោយសារតែតូចចិត្តតូចថ្លើមអ្វីនោះទេ គឺយំព្រោះតែអាណិតប្តីនោះឯង។ យ៉ាងណាមិញ មកទល់ពេលនេះ នាង និងប្តី បានពួតដៃគ្នាបើកហាងអាហារតូចៗមួយកន្លែងនាតំបន់នោះ ព្រមទាំងរស់នៅយ៉ាងមានក្តីសុខជាមួយនឹងឋានៈសាមញ្ញរបស់ពួកគេ៕