ធ្លាប់ត្រូវគេរិះគន់រឿងថាកាបូបតម្លៃ ៦០ ដុល្លារ ជាកាបូបប្រណីត តែឥលូវក្លាយជាម៉ូដែលប្រចាំហាងបាត់
នៅចាំយុវតី ១៧ ឆ្នាំ មកពីសិង្ហបុរី ដែលធ្លាប់ត្រូវគេរិះគន់ និង សើចចំអករឿងហៅយីហោកាបូបតម្លៃ ៦០ ដុល្លារ ថាជាកាបូបលំដាប់ប្រណីតបានទេ? បច្ចុប្បន្នយុវតីរូបនេះ ត្រូវបានយីហោ Charles & Keith ទាក់ទងនាងក្លាយតារាម៉ូដែលដើម្បីថតផ្សាយកាបូបហើយ។
កាលពីអំឡុងខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ យុវតីវ័យ ១៧ ឆ្នាំ ឈ្មោះថា Zoe រស់នៅប្រទេសសិង្ហបុរី បានចែករំលែករឿងនាងត្រូវបានឪពុកទិញកាបូបតម្លៃ ៦០ ដុល្លារ ឱ្យជាកាដូដែលមានតម្លៃលើកដំបូងក្នុងជីវិត។ ដោយនាងបានហៅកាបូបនោះថាជាកាបូបលំដាប់ប្រណីតដំបូងរបស់ខ្លួន។
ក្រោយមក Zoe ក៏ត្រូវបានមនុស្សមួយក្រុមដែលនិយមលេង Tiktok បានចូលទៅរិះគន់ថាឱ្យនាងរហូតដល់ស្រក់ទឹកភ្នែក ព្រោះតែការហៅកាបូប Charles & Keith ជាយីហោប្រណីត។ នាងក៏បានចេញបកស្រាយថា ៖ «សម្រាប់អ្នកមានលុយ កាបូបនេះអាចមិនមែនជាកាបូបលំដាប់ប្រណីតសម្រាប់អ្នក តែសម្រាប់នាង និង គ្រួសារនាងវាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសំខាន់វាជាកាដូដែលនាងទទួលបានពីឪពុកនាង ដោយចេញពីកម្លាំងញើសឈាមរបស់គាត់»។
រឿងរ៉ាវរបស់ Zoe ត្រូវបានចែករំលែកពេញ Tiktok និង បណ្ដាញសង្គម ក្រោយផ្ទុះឡើង ហើយថ្មីៗនេះគេស្រាប់តែរកឃើញថា Zoe ត្រូវបានយីហោ Charles & Keith ទាក់ទងធ្វើជាម៉ូដែលថតផ្សាយសម្រាប់ឱកាសពិសេសក្នុងរដូវកាល ៨ មីនា ទិវាសិទ្ធនារី។ ក្រោយឃើញភាពជោគជ័យរបស់នាងមហាជនជាច្រើនក៏បានចូលរួមអបអរសាទរនៅលើគណនី Instagram ដែលមានឈ្មោះថា Zoeaaleah របស់នាង៕