![ម៉ានិត បញ្ចេញមតិយ៉ាងក្តៅគគុក ខំផលិតស្នាដៃឱ្យប្លែកថ្មី តែចុងក្រោយបានត្រឹមគេលើកឡើងថាដូចថៃ](https://www.popular.com.kh/wp-content/uploads/2024/03/Pn-5-1.jpg)
ម៉ានិត បញ្ចេញមតិយ៉ាងក្តៅគគុក ខំផលិតស្នាដៃឱ្យប្លែកថ្មី តែចុងក្រោយបានត្រឹមគេលើកឡើងថាដូចថៃ
ទន្ទឹមនឹងក្នុងបណ្តាញសង្គមកំពុងក្តៅគគុកជុំវិញរឿងរ៉ាវកុនខ្មែរ និង ថៃ មកដល់ពេលនេះគេឃើញសង្កេតឃើញនៅតែមានការវែកញែកគ្នាមិនទាន់រលត់ឡើយ។ ស្របគ្នានេះ បើងាកមកមើលលោក ម៉ុង ម៉ានិត ដែលជាអ្នកនិពន្ធសៀវភៅ និង តារាចម្រៀងម្នាក់ ថ្មីៗនេះក៏បានបង្ហោះសារបញ្ចេញមតិជុំវិញរឿងមួយ ក្នុងនោះលោកក៏បានសុំចិត្តមហាជនខ្មែរកុំឱ្យថារឿងខ្មែរដូចថៃថែមទៀត។
លោក ម៉ុង ម៉ានិត បានបង្ហោះសារលើគណនីហ្វេសប៊ុកផេករបស់លោកថា ៖ «ពេលខ្លះ តួនាទីជាផលិតករ មិនថាសៀវភៅ ឬ កុន ឬ book trailer វាពិតជាពិបាកក្នុងការបរិយាយណាស់។ សម្បត្តិត្រឹមលក់សៀវភៅ ថត trailer អស់រាប់ពាន់ដុល្លារ សៀវភៅខ្លះជិតម៉ឺនក៏មាន សួរថាលក់ចំណេញប៉ុន្មាន? ពេលខ្លះផលិតហើយ ចាយលុយផលិតច្រើន ទីបំផុតមិនសូវមានអ្នកទិញសៀវភៅអានផង។ តែដើម្បីអី? ដើម្បីគុណភាព ដើម្បីស្នាដៃ ដើម្បីអំណានក្នុងយុគសម័យថ្មី ដើម្បីបង្កសិល្បៈខ្មែរឲ្យមានភាពរំជើបរំជួល។ មិនត្រឹមតែផលិតវីដេអូមនុស្សទេ យើងធ្វើដល់តុក្កតា 2D ទៀត។ នាំបានអី? គឺនាំឲ្យសិល្បៈយើងមានភាពចម្រុះ សម្បូរបែប និង ប្រណីតភាពនោះឯង ព្រោះយើងដើរយឺតជាងគេ បើមិនចូកមិនចែវ គ្មានអ្នកក្រៅឯណាមកចូកចែវទេ។
ឯអ្នកដែលដើរលឿនក៏មិនប្រាកដថាជាមនុស្សដំបូងដែរ។ ការដែលខ្ញុំ និង ក្រុមការងារធ្វើបាន និ ងមើលទៅងាយស្រួល គឺនៅពីក្រោយពោរពេញដោយភាពអំណត់ ភាពច្នៃប្រតិដ្ឋ ទោះដេកដើរឈរអង្គុយ។ ចាយលុយ ចាយកម្លាំងផលិត តែមិនសូវមានអ្នកអានសៀវភៅទេ។ អ្នកអានមានតែប៉ុន្មាននាក់វិលទៅវិលមក ពេលខ្លះស៊ីញេសៀវភៅឡើងចាំឈ្មោះអ្នកទិញ។ ស្រុកយើង សម្បូរអ្នកចង់អាន តែមិនសូវមានអ្នកអានមែនទែនទេ តែខ្ញុំប្រឹងបានប៉ុននេះ ចាត់ទុកថាគ្រាន់បើចុះ។
ដូច្នេះទម្រាំភាពយន្ដដែលបងៗផលិតករខ្មែរផលិត ឬ សៀវភៅមួយក្បាលរបស់អ្នកនិពន្ធខ្មែរ គឺមិនងាយទេ។ បែរជាចុងក្រោយ លទ្ធផលដែលផលិតបាន កូនខ្មែរថាដូចថៃ។ ម៉េចបានឃើញដូចថៃ? មកពីគាត់មើលតែរឿងថៃ ទើបគិតយល់បានត្រឹមនេះ។ ចូរបើកចិត្ត រៀនមើល រៀនយល់ កុំនៅត្រឹមតែថៃពេក។ កូរ៉េ ហុងកុង ហូលីវូដ មិនខ្វះទេ។ ឯផលិតករខ្មែរទៀតសោត យើងមិនចង់បានត្រឹមតែដូចថៃទេ យើងចង់បានលើសពីនោះ គឺទម្ងន់ និង តម្លៃវប្បធម៌របស់យើង ដែលមានអត្តសញ្ញាណច្បាស់លាស់ ចែកជូនពិភពលោក។ ឈប់ថាដូចរឿងថៃទៅ សុំអង្វរ។ សូមអរគុណដ៏មិត្តអ្នកគាំទ្រ ដែលតែងតែផ្ដល់ការគាំទ្រ និង ជឿជាក់លើស្រលាញ់សៀវភៅ ថាយើងមានឆន្ទៈពិតប្រាកដ ហើយមិនងាយ drama ទេ តែពេលខ្លះការបកស្រាយខ្លះ គឺជាការការពារខ្លួនឈរលើគោលជំហរច្បាស់លាស់មួយ»៕