វៀតណាមខំធ្វើរូបនាគរាជតាំងទទួលឆ្នាំថ្មី ដល់ធ្វើហើយមហាជនក្នុងប្រទេសផ្ទុះសំណើចថានាគមើលទៅដូចអន្ទង់
ជាធម្មតាខណៈជិតដល់ចូលឆ្នាំថ្មីចិន ប្រទេសជាច្រើនក៏បានរៀបចំតុបតែងលម្អទៅតាមរដូវកាល ដែលមានការដាក់តាំងជារូបសត្វតំណាងឆ្នាំ ជាដើម ជាក់ស្តែងប្រទេសវៀតណាមនៅក្នុងឆ្នាំនេះក៏បានរៀបចំដូចគ្នាដែរ តែលើកនេះធ្វើឱ្យមហាជនឃើញហើយទប់សំណើចមិនជាប់។
រូបសត្វនាគរាជ ដែលមហាជនកំពុងតែអស់សំណើច និង វែកញែកនេះ ត្រូវបានគេធ្វើឡើងនៅខេត្ត Nghe An ប្រទេសវៀតណាម ដើម្បីត្រៀមទទួលឆ្នាំថ្មីខាងមុខនេះ។ ក្នុងនោះ វាត្រូវបានធ្វើឡើងដោយមន្រ្តីអាជ្ញាធរប្រចាំខេត្ត ដោយមានកម្ពស់ ២.៥០ សង់ទីម៉ែត្រ និង មានប្រវែងទៅដល់ ៣០ ម៉ែត្រឯណោះ។
យ៉ាងណាមិញ គ្រាន់តែធ្វើហើយភ្លាម មហាជនជាច្រើនក៏បានអស់សំណើច ព្រោះរូបនេះមើលទៅមិនដូចសត្វនាគសូម្បីតែបន្តិច។ អ្នកខ្លះក៏បាននាំគ្នារិះគន់ថាដូចជារូបដង្កូវ អ្នកខ្លះក៏ថាដូចជាអន្ទង់ ឯអ្នកខ្លះទៀតក៏ថាសត្វនាគកំពុងពិបាកចិត្ត។ ជាពិសេសនោះ មានអ្នកស្រុកច្រើនណាស់នាំគ្នាខ្លាចនៅពេលជិះឃើញពេលយប់។ ដោយឡែក ក្រោយពីទទួលសម្ពាធការរិះគន់ច្រើនពេក ពេលនេះអាជ្ញាធរក៏បានរើរូបនាគរាជនេះចេញបាត់ទៅហើយ៕
ប្រភព៖ World Forum