ជាដំណឹងដ៏គួរឱ្យសោកស្ដាយបំផុតមួយដោយតារាសម្ដែង Val Kilmer ដែលជាតារាល្បីប្រចាំរឿង «Top Gun» និង «Batman Forever» បានទទួលមរណភាពទៅហើយក្នុងវ័យ ៦៦ ឆ្នាំ ដោយសារតែជំងឺសួត។
តាមព័ត៌មានបានឱ្យដឹងថា លោក Val Kilmer បានទទួលមរណភាពក្នុងផ្ទះរបស់លោកកាលពីយប់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) កន្លងទៅ។ គួរឱ្យដឹងថា ក្នុងឆ្នាំ ២០១៤៤ លោក Val Kilmer បានរកឃើញថាកើតជំងឺមហារីកច្រមុះ ដោយតម្រូវឱ្យលោកសម្រាកព្យាបាលរយៈពេល ២ ឆ្នាំ ក្នុងឆ្នាំ ២០១៥-២០១៦។ ជំងឺនេះដែរបានធ្វើឱ្យរាងកាយរបស់លោកចុះខ្សោយ ហើយសំឡេងរបស់លោកក៏បានខូចដោយសារការវះកាត់យកសាច់ចេញពីច្រមុះ។ នៅពេលនោះ លោក Val Kilmer និយាយថា លោកជឿជាក់លើព្រះ និង ការចាក់គីមីរហូតអាចឱ្យលោកជាសះស្បើយពីជំងឺនេះបាន។
ទោះជារាងកាយប្រឈមនឹងបញ្ហាសុខភាពយ៉ាងណា ប៉ុន្តែតារាសម្ដែង Val Kilmer នៅតែបន្តដំណើរលើវិស័យភាពយន្ត ដោយបង្ហាញខ្លួនជាតួអង្គ Iceman ក្នុងស្រឡាយរឿង «Top Gun: Maverick» ក្នុងឆ្នាំ ២០២២។ ដំណឹងមរណភាពរបស់លោក បានធ្វើឱ្យមហាជនក៏ដូចជាសិល្បកររួមអាជីពសម្ដែងការសោកស្ដាយ និង រំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោកផងដែរ៕