Youtuber សញ្ជាតិអូស្ត្រាលីម្នាក់ឈ្មោះ Lochie Jones បច្ចុប្បន្នកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយសាររូបលោកបានថតវីដេអូនៅតាមទីតាំងបញ្ចុះសពក្នុងប្រទេសជប៉ុន រួចដើរលួចស្រាបៀដែលគេសែនតាមផ្នូរយកមកផឹកដូចរបស់ខ្លួនឯង។
កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ វីដេអូមួយបានផ្ទុះខ្លាំងលើបណ្ដាញសង្គម X ដែលជាវីដេអូរបស់ Lochie Jones ធ្វើដំណើរទៅលេងព្រៃ Aokigahara ឬហៅថា «ព្រៃអត្តឃាត» មានទីតាំងនៅក្បែរភ្នំ Fuji ប្រទេសជប៉ុន។ ក្នុងវីដេអូនោះ Lochie បានដើរទៅកាន់វាលផ្នូរបញ្ចុះសព រួចបោះកាក់ក្បែរផ្នូរមួយដែលមានកំប៉ុងស្រាបៀដាក់សែននៅមុខនោះ។ ភ្លាមៗរូបលោកបាននិយាយមកកាមេរ៉ាសួរអ្នកដែលចូលមើលវីដេអូលោកថា៖ «ស្រាបៀ Kirin មួយកំប៉ុងតែម្ដង ខ្ញុំគួរផឹកវាអត់ហ្ន៎?» រួចក៏បោះកាក់សម្រេចចិត្តហើយក៏គាស់ស្រាបៀនោះផឹកទៅ។ ខណៈពេលដែលលោកនិយាយពីព្រៃអត្តឃាតដ៏ល្បីនៅជប៉ុននោះ Jones ក៏បានផឹកបៀនោះដោយទុកបារីខ្លះនៅទីតាំងសែនស្រាបៀជំនួសវិញ។
វីដេអូរបស់ Lochie Jones គឺទទួលរងការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋក្នុងតំបន់រហូតមួយចំនួនធំរាយការណ៍ប្រាប់ទៅប៉ូលិសជុំវិញទង្វើមិនសមគួររបស់ជនបរទេសរូបនេះផង។ ដោយឡែក ក៏មានមេធាវីម្នាក់ចេញមកលើកឡើងតាមផ្លូវច្បាប់ផងដែរពាក់ព័ន្ធនឹងទង្វើមិនសមរម្យនេះ ដោយលោកបានលើកឡើងត្រង់ជំពូកទី ១៤ មាត្រា ១១៨ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសជប៉ុន ទង្វើរបស់ Lochie Jones គឺជាបទល្មើសមួយពាក់ព័ន្ធនឹងទីតាំងគោរពបូជា និង ទីបញ្ចុះសព ដោយតាមច្បាប់ អ្នកដែលបំពានប្រមាថទីតាំងបញ្ចុះសពជាសាធារណៈបែបនេះអាចប្រឈមនឹងការជាប់ពន្ធនាគារដល់ ៦ ខែ និង ពិន័យជាសាច់ប្រាក់ចំនួន ១០ ម៉ឺនយេន៕