Youtuber ល្បីម្នាក់នៅម៉ាឡេស៊ី លោក Zukie Mohamad ថ្មីៗនេះបានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកភ្ញាក់ផ្អើល ក្រោយលោកទម្លាយថា បច្ចុប្បន្នលោកកំពុងតែធ្វើការងារជាសន្តិសុខក្រៅម៉ោង។

តាមការទម្លាយក្នុងការឡាយវីដេអូលើបណ្ដាញសង្គម TikTok របស់លោក Zukie បាននិយាយថា ឥលូវនេះលោកកំពុងតែធ្វើការងារជាសន្តិសុខហើយលោកគឺមិនខ្មាសអៀននឹងការងារមួយនេះឡើយ។ លោកបានឱ្យដឹងថា បច្ចុប្បន្នលោកគឺគ្មានការងារណាធ្វើអំឡុងបុណ្យ Ramadhan ឡើយ ដូច្នេះលោកក៏សម្រេចចិត្តទៅរកលុយខ្លះជាជាងអង្គុយនៅផ្ទះអត់ប្រយោជន៍។ លោក Zukie ក៏បានទម្លាយដែរថា ការងារជាសន្តិសុខនេះលោករកប្រាក់បានត្រឹម ១៧០០ រីងហ្គីត (ប្រមាណ ៣៨០ ដុល្លារ) ប៉ុណ្ណោះ ប៉ុន្តែនៅតែចាត់ទុកការងារនេះជាការងារមានប្រយោជន៍ដល់អ្នកដទៃ។

រៀបរាប់តាមការឡាយ លោក Zukie និយាយថា៖ «ពួកយើងមើលការខុសត្រូវតំបន់នេះ ហើយយើងមើលថែអគារឱ្យអ្នកដទៃផងដែរ»។ អ្វីដែលធ្វើឱ្យមហាជនរឹតតែពេញចិត្តខ្លាំងនោះ គឺនៅពេលដែលលោកតាមដានរបស់លោកថា លោកសុខចិត្តបម្រើការងារជាសន្តិសុខជាជាងទៅរកលុយតាមការផលិតមាតិកាដែលមិនល្អធ្វើឱ្យអាម៉ាស់ដល់ប្រទេសជាតិ។

គួរឱ្យដឹងថា លោក Zukie បានចាប់ផ្ដើមអាជីពជា Youtuber ដំបូងក្នុងឆ្នាំ ២០១៥ ដោយមកទល់បច្ចុប្បន្ននេះលោកមានសន្ទុះប្រជាប្រិយខ្លាំងណាស់ដែរនៅក្នុងស្រុក ដោយ Youtube របស់លោកមានអ្នកចុច subscribe ដល់ជាង ១.៩ លាននាក់ហើយ៕ ទស្សនាវីដេអូនៅទីនេះ