នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានឧតុនិយមប្រចាំប្រទេសថៃ បានធ្វើការប្រកាសថា ខ្យល់មូសុងនៅបន្តបោកបក់គ្របដណ្ដប់ពាសពេញផ្នែកខាងក្រោមភាគខាងជើង និង ផ្នែកខាងលើភាគឦសានប្រទេសថៃ ខណៈខ្យល់មូសុងនិរតីដ៏ខ្លាំងក្លាបានបោកបក់លើសមុទ្រ Andaman សមុទ្រភាគខាងត្បូង និង ឈូងសមុទ្រថៃ។ ស្ថានភាពបែបនេះគឺអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់ច្រើនគ្របដណ្ដប់ពាសពេញប្រទេស ដោយភ្លៀងធ្លាក់ខ្លាំងក្លារំពឹងថានឹងកើតមានឡើងនៅភាគឦសានប្រទេស។
ចំពោះពលរដ្ឋដែលរស់នៅតាមទីតាំងដែលប៉ះពាល់ ជាពិសេសអ្នកដែលរស់នៅក្បែរជើងភ្នំ តំបន់វាលទំនាប និង តាមផ្លូវទឹក ត្រូវបានរំឭកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមានឡើង។ ចំពោះកសិករវិញ ក៏ត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នជាមុនលើការការពារដំណាំរបស់ពួកគេពីការខូចខាតដោយទឹកភ្លៀងផងដែរ។
ចំពោះស្ថានភាពតាមសមុទ្រវិញក៏រំពឹងថាមិនល្អដូចគ្នា។ នៅផ្នែកខាងលើនៃសមុទ្រ Andaman និង ខាងលើឈូងសមុទ្រថៃ រលកសមុទ្រអាចមានកម្ពស់ដល់ ២-៣ ម៉ែត្រ ខណៈផ្នែកខាងក្រោមសមុទ្រ Andaman និង ឈូងសមុទ្រថៃ ត្រូវបានព្យាករណ៍ថារលកអាចមានកម្ពស់ពី ១-២ ម៉ែត្រ ដោយកម្ពស់ជាង ២ ម៉ែត្រអាចកើតមានឡើងបើសិនជាមានព្យុះ។ រាល់នាវាទាំងអស់នៅតំបន់ទាំងនោះត្រូវបានណែនាំឱ្យបន្តការប្រុងប្រយ័ត្នបន្ថែម និង ជៀសវាងបើកចេញអំឡុងពេលមានភ្លៀងព្យុះ ហើយចំពោះទូកតូចៗវិញនៅផ្នែកខាងលើសមុទ្រ Andaman និង ខាងលើឈូងសមុទ្រថៃ គឺគួរតែផ្អាកការចេញទូកសិនរហូតដល់ថ្ងៃទី ១៣ ខែមិថុនា៕
ប្រភព៖ The Nation