តារាសម្ដែងប្រុសហុងកុង លោក Peter Pang ដែលបច្ចុប្បន្នកំពុងតែតស៊ូជាមួយនឹងជំងឺមហារីករន្ធគូទដំណាក់កាលទី ៣ បាននិយាយថា លោកនឹងខិតខំប្រឹងប្រែងធ្វើការបន្តទៀតដើម្បីបានប្រាក់យកមករ៉ាប់ររងថ្លៃព្យាបាលជំងឺរបស់ខ្លួន។
តារាប្រុសវ័យ ៥៤ ឆ្នាំ ដែលជាប់ងារជាតួចិត្តអាក្រក់ប្រចាំរឿងរបស់ទូរទស្សន៍ TVB រូបនេះ បានដឹងថារូបលោកកើតមានជំងឺមហារីកកាលពីខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ក្រោយគ្រូពេទ្យរកឃើញដុំសាច់មហារីកទំហំប្រមាណ ៥ សង់ទីម៉ែត្រនៅក្នុងរន្ធគូទរបស់លោក។ តាមសារព័ត៌មាននៅហុងកុង អំឡុងពេលនោះ លោក Pang បានផ្អាកការងារមួយរយៈដើម្បីផ្ដោតលើការព្យាបាលខ្លួន និង បានចំណាយរាល់ប្រាក់សន្សំរបស់លោកទាំងអស់។
តាមរយៈទូរទស្សន៍ TVB ផ្ទាល់ ថ្មីៗនេះបានទម្លាយថា លោក Pang បច្ចុប្បន្នគឺប្រឹងប្រែងធ្វើការមិនខ្លាចនឿយហត់ ដើម្បីបានប្រាក់យកមកបង់ថ្លៃព្យាបាលខ្លួន ដោយគិតទៅប្រមាណជា ៣០ ម៉ឺនយ័ន (៤១ ៨០០ ដុល្លារ)។ ចំពោះសកម្មភាពការងារចុងក្រោយថ្មីៗរបស់លោក Pang គឺជាការសម្ដែងនៅក្លឹបរាត្រីមួយកន្លែងនៅចិនដីគោក ដោយលោក Pang ខ្លួនឯងផ្ទាល់បានធ្វើការ update បង្ហោះលើផេក Xiaohangshu របស់លោក។
ទោះជាមានជំងឺកាចសាហាវជាប់ខ្លួន និង ត្រូវប្រឹងប្រែងរកលុយដើម្បីព្យាបាលក៏ពិតមែន ប៉ុន្តែនៅលើបណ្ដាញសង្គម លោក Pang នៅតែរក្សាស្នាមញញឹម ភាពរីករាយជានិច្ច ដោយលោកក៏បានទម្លាយដែរថា ក្ដីសុខ និង ភាពរីករាយទាំងនេះហើយដែលជួយឱ្យលោកជម្នះរាល់ឧបសគ្គទាំងឡាយបាន៕
ប្រភព៖ CNA