ជារឿងដ៏ភ្ញាក់ផ្អើល និង តក់ស្លុតខ្លាំងមួយសម្រាប់មហាជនក៏ដូចជាអ្នកគាំទ្រ ក្រោយពីបានទទួលដំណឹងថាតារាសម្ដែងតៃវ៉ាន់ Jeremy Huang ដែលផ្ទុះប្រជាប្រិយភាពខ្លាំងក្នុងកម្មវិធី talk show មួយឈ្មោះ «Kangsi Coming» បានទទួលមរណភាពទៅហើយទាំងវ័យត្រឹមតែ ៣២ ឆ្នាំ។
ដំណឹងមរណភាពភ្លាមៗរបស់តារាសម្ដែងប្រុស Jeremy នេះដែរ ត្រូវបានប្រកាសដោយបងស្រីរបស់លោកលើបណ្ដាញសង្គម ដោយក្នុងការបង្ហោះនោះដែរ នាងបានរៀបរាប់ទាំងឈឺចាប់ថា៖ «ខ្ញុំនៅតែពិបាកនឹងជឿថារឿងបែបនេះបានកើតឡើង។ ក្រុមគ្រួសាររបស់យើងពិតជាឈឺចាប់ខ្លាំង ពោរពេញដោយការសោកស្ដាយជាទីបំផុត»។ ជាមួយគ្នានោះដែរ នាងក៏បានប្រកាសថាពិធីបុណ្យសពរបស់តារាសម្ដែងប្រុសខាងលើ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយអ្នកគាំទ្ររបស់លោកអាចមកចូលរួមធ្វើការគោរពលាគ្នាជាមួយលោកជាលើកចុងក្រោយបាន។
មរណភាពភ្លាមៗរបស់តារាសម្ដែង Jeremy Huang បានធ្វើឱ្យមហាជនជាច្រើនមានការតក់ស្លុតខ្លាំងមែន ព្រោះថាប៉ុន្មានថ្ងៃមុនដំណឹងមរណភាពរបស់លោក ពោលគឺនៅថ្ងៃទី ១៧ ខែមេសា កន្លងទៅ លោក Jeremy បានបង្ហោះវីដេអូមួយលើបណ្ដាញសង្គម Instagram សប្បាយរាំជាមួយមិត្តភក្តិដូចគ្មានបញ្ហាសុខភាពអ្វីនោះឡើយ៕