Cristiano Ronaldo ដែលជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញមកពីក្រុមជម្រើសជាតិព័រទុយហ្គាល់ បានកើត និង ធំធាត់នៅ នៅ Madeira ក៏ជាអ្នកដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram រហូតដល់ ៤៤៦ លាននាក់។ សម្រាប់មនុស្សជាច្រើនច្បាស់ជាស្គាល់ថា លោកគឺជាកីឡាករល្អបំផុតម្នាក់នៅក្នុងពិភពលោក ប៉ុន្តែនៅពេលដែលបានអានអត្ថបទនេះហើយ អ្នកនឹងស្គាល់កាន់តែច្បាស់ពី CR7 ជាពិសេសគឺការពិតគួរឱ្យចាប់អារម្មណ៍ទាំង ៥ របស់លោក។
១. Ronaldo ក៏ជាមហាសេដ្ឋីបាល់ទាត់ដំបូងគេ
មិនត្រឹមតែ Cristiano Ronaldo ជាកីឡាករបាល់ទាត់ដែលមានជាងគេលើលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមហាសេដ្ឋីបាល់ទាត់ដំបូងគេផងដែរ។ នេះបើយោងតាមទស្សនាវដ្តី Forbes កាលពីឆ្នាំ ២០២០ Ronaldo ពិតជាបានក្លាយជាអត្តពលិកកីឡាបាល់ទាត់ដំបូងគេ ដែលរកបានលើសពី ១ ពាន់លានដុល្លារក្នុងអាជីព។ លោកមានផ្ទះយ៉ាងហោចណាស់ ៨ ខ្នង ហើយក៏កំពុងសាងសង់វិមានមួយសម្រាប់ចូលនិវត្តន៍ ដែលមាន តម្លៃជាង ៥៤ លានដុល្លារ និង រថយន្តទំនើបជាច្រើនផងដែរ។
២. Cristiano បានស៊ុតបញ្ចូលទីជាង ៨០០ គ្រាប់នៅក្នុងអាជីពរបស់លោក
Cristiano Ronaldo បានស៊ុតបញ្ចូលទីចំនួន ៨០៧ គ្រាប់ក្នុងអាជីព ដែលបានធ្វើឱ្យលោកក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់បុរស ខណៈដែលម្ចាស់កំណត់ត្រាពីមុនគឺលោក Josef Bican ដែលបានស៊ុតបញ្ចូលទីចំនួន ៨០៥ គ្រាប់នៅចន្លោះឆ្នាំ ១៩៣១ និង ១៩៥៥ ។
៣. នៅពេល Ronaldo លោត លោកបានបង្កើនថាមពលស្មើនឹង ៥ ដងនៃសត្វខ្លារខិន
នៅពេល Ronaldo លោតតែតបាល់ក្នុងការប្រកួតលោកក៏បានបង្កើនថាមពលស្មើនឹង ៥ ដងនៃសត្វខ្លារខិន ដែលអនុញ្ញាតឱ្យលោកលោតឡើងដល់ ៤៤ សង់ទីម៉ែត្រផុតពីដី។
៤. លោកបានទទួលការវះកាត់បេះដូងកាលពីអាយុ ១៥ ឆ្នាំ
Cristiano Ronaldo ត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន tachycardia ដែលជាពាក្យសម្រាប់ចង្វាក់បេះដូងលោតញាប់ជាង ១០០ ដងក្នុងមួយនាទី ដោយអាចនាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺខ្សោយបេះដូង ដូច្នេះកាលពីអាយុ ១៥ ឆ្នាំ លោកបានធ្វើការវះកាត់បេះដូងម្ដង ហើយម្តាយរបស់លោកបានប្រាប់កាសែត Daily Mail ក្នុងឆ្នាំ ២០០៩ ថាគ្រូពេទ្យ បានប្រើឡាស៊ែរ ដើម្បីបញ្ជាក់ប្រភពនៃបញ្ហា ហើយត្រូវបានគេវះកាត់នៅពេលព្រឹក ហើយលោកអាចចេញមកផ្ទះវិញនៅពេលរសៀល បន្ទាប់ពីនោះ Ronaldo អាចលេងបាល់ទាត់ម្តងទៀតបាន ក្រោយពេលវះកាត់បាន ៣ ថ្ងៃ។
៥. លោកបានជួបដៃគូរបស់លោកគឺ Georgina Rodriguez នៅពេល ដែលនាងធ្វើការនៅហាង Gucci កាលឆ្នាំ ២០១៦
Cristiano បានជួប Georgina នៅហាង Gucci ក្នុងទីក្រុង Madrid ដែលជាកន្លែងធ្វើការរបស់អ្នកនាង។ ពេលនោះ Georgina មានអាយុ ២២ ឆ្នាំ និង ធ្វើការជាជំនួយការហាង ខណៈ Ronaldo មានអាយុ ៣១ ឆ្នាំ។ ក្រោយមកអ្នកទាំងពីរបានរួមរស់ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ ហើយគិតដល់បច្ចុប្បន្នព្រមទាំងមានកូនចំនួន ៥ នាក់គឺ Cristiano Junior អាយុ ១១ ឆ្នាំ, កូនភ្លោះ Eva និង Mateo អាយុ ៤ ឆ្នាំ, Alana Martina អាយុ ៤ ឆ្នាំ និង កូនស្រីម្នាក់ទៀតដែលជាកូនភ្លោះដែរ តែកូនភ្លោះប្រុសបានបាត់បង់ជីវិតកាលពីខែមេសា ឆ្នាំ ២០២២ ៕
ប្រភព៖ Portugal.com