អ្នកឧកញ៉ា គិត ម៉េង គាំទ្រកម្មវិធីប្រកួតបាលទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ដោយចូលរួមឧបត្ថម្ភថវិកា ៥០ ម៉ឺនដុល្លារជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា
អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រកម្មវិធីប្រកួតបាលទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការកៀរគររៃអង្គាសថវិកាជួយដល់មូលនិធិគន្ធបុប្ផា។
ភ្នំពេញ, ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៖ អ្នកឧកញ៉ា គិត ម៉េង រួមជាមួយនឹងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការរៃអង្គាសថវិកាជូនដល់មូលនិធិគន្ធបុប្ផា ដែលផ្តល់ការព្យាបាលជម្ងឺកុមារនៅទូទាំងប្រទេសដោយឥតគិតថ្លៃ។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង មានប្រសាសន៍ថា៖ «កុមារគឺជាសសរទ្រូងនៃអនាគតរបស់ប្រទេសជាតិ។ ដើម្បីជួយទៅដល់កុមារក្លាយជាធនធានដ៏សំខាន់សម្រាប់ជាតិ យើងត្រូវធានាឱ្យបានថា ពួកគេមានសុខុមាលភាព និងសុខភាពល្អប្រសើរ។ ហេតុដូច្នេះហើយ ការប្រកួតបាល់ទាត់គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយដែលអនុញ្ញាតឱ្យសាធារណជនអាចចូលរួមចំណែកលើកម្ពស់សុខុមាលភាពកុមារ ក៏ដូចជាជួយទ្រទ្រង់ទៅដល់សង្គមជាតិទាំងមូល»។
កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា គ្រោងនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីរៃអង្គាសថវិកាពីសាធារណជនដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានទទួលស្គាល់ចំពោះការព្យាបាលជំងឺប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារកម្ពុជាអស់រយៈពេល ៣២ឆ្នាំមកនេះ។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍បន្ថែមទៀតថា ៖ «តាមរយៈការចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន និងការឧបត្ថម្ភទៅដល់មូលនិធិគន្ធបុប្ផា សាធារណជនពិតជាអាចចូលរួមចំណែកជួយកសាងនូវអនាគតមួយប្រកបដោយភាពភ្លឺស្វាង និងសុខភាពល្អសម្រាប់កុមារកម្ពុជា។ ទោះជាថវិកាដែលបរិច្ចាគមានចំនួនតិចឬច្រើនក្តី យើងខ្ញុំពិតជាអរគុណជាអនេកប្បការចំពោះទឹកចិត្តដ៏ប្រពៃរបស់លោកអ្នក»។
សាធារណជនទាំងអស់គ្នាត្រូវបានលើកទឹកចិត្តឱ្យជួយដល់បេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ហើយរួបរួមគ្នាបង្កើតនូវអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជាបន្ថែមទៀត។
សម្រាប់លោកអ្នកដែលប្រើប្រាស់អេប Wing Bank ក៏អាចចូលរួមចំណែកដល់កិច្ចការសប្បុរសធម៌នេះដោយគ្រាន់តែចុចលើ «ទូទាត់វិក្កយបត្រ» ហើយបន្ទាប់មកជ្រើសរើស «អំណោយនិងសប្បុរសធម៌» ហើយលោកអ្នកអាចជ្រើសរើសបរិច្ចាគទៅកាន់ «Cambodia Kantha Bopha Foundation (KHR)» សម្រាប់គណនីប្រាក់រៀល ឬ «Cambodia Kantha Bopha Foundation (USD)» សម្រាប់គណនីដុល្លាររបស់មន្ទីពេទ្យគន្ធបុប្ផា។ លើសពីនេះទៀត លោកអ្នកក៏អាចបរិច្ចាគនៅតាមភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជាផងដែរដោយមិនគិតថ្លៃសេវា។ ធនាគារវីង ធានាថាប្រាក់វិភាគទានសប្បុរសធម៌ ១០០ % នឹងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។
មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃបន្ទាប់ពីត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner។ នៅក្នុងឆ្នាំ២០២៣ មន្ទីរពេទ្យបានចំណាយថវិកាប្រមាណ ៤០ លានដុល្លារអាមេរិក លើការព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ការពិគ្រោះជំងឺចំនួន ៨៩៩ ៦៩២ ករណី ហើយបានទទួលអ្នកជំងឺព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៨៤ ០៥៥ នាក់៕