ករណីដ៏កម្រគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងក្នុងប្រទេសឥណ្ឌា ដោយបុរសជាសមាជិកក្រុមសង្គ្រោះសត្វព្រៃម្នាក់នៅសង្កាត់ Valsad រដ្ឋ Gujarat បានជួយសង្គ្រោះជីវិតសត្វពស់មួយក្បាលដែលសន្លប់បាត់ស្មារតីដោយសារឆក់ខ្សែភ្លើង។

ករណីខាងលើនេះដែរ កើតឡើងកាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ ដោយមានកសិករក្នុងភូមិបានប្រទះឃើញសត្វពស់មួយក្បាលវារលើបង្គោលភ្លើង។ ភ្លាមៗ ពេលវារឡើងដល់លើ ស្រាប់តែពស់មួយក្បាលនោះប៉ះខ្សែភ្លើង ហើយក៏ឆក់ធ្លាក់មកដីក្នុងកម្ពស់ប្រមាណ ៤ ម៉ែត្រកន្លះ។

ឃើញពស់សន្លប់ស្តូកស្ដឹងបែបនេះ ខាងកសិករក៏ទាក់ទងទៅបុរសជាអ្នកសង្គ្រោះសត្វព្រៃក្នុងតំបន់ភ្លាមៗ ដោយលោកជំនាញជួយសង្គ្រោះសត្វពស់ច្រើនឆ្នាំមកហើយ។
ពេលទៅដល់ទីតាំង បុរសជាអ្នកសង្គ្រោះសត្វនោះបានពិនិត្យមើលស្ថានភាពសត្វពស់មួយក្បាលនោះ ហើយក៏ដឹងថាវាជាប្រភេទពស់គ្មានពិស ទើបចាប់បើកមាត់វាធ្វើ CPR ដោយការផ្លុំខ្យល់។ ព្យាយាមផ្លុំចុះឡើងប្រមាណ ៣០ នាទី ទីបំផុត ពស់មួយក្បាលនោះក៏ចាប់ដឹងខ្លួនបន្តិចម្ដងៗ រហូតចុងក្រោយក៏វារចូលគុម្ពព្រៃក្បែរនោះបាត់ទៅ៕


