ប្រទេសកូរ៉េខាងត្បូង កំពុងតែជួបប្រទះនឹងបញ្ហាភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរដែលគំរាមកំហែងដល់សុវត្ថិភាពរបស់ពលរដ្ឋក៏ដូចជាប្រព័ន្ធអេឡូធម្មជាតិ។ តាមភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap បានឱ្យដឹងថា ភ្លើងចាប់ផ្ដើមឆាបឆេះឡើងនៅតំបន់ Sancheong មុនបន្តរាលដាលឆេះទៅតំបន់ជាច្រើនផ្សេងៗទៀត។
តាមការបញ្ជាក់ពីខាងមន្ត្រីប្រចាំប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងដែរថា ក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនេះដែរ ក្រុមការងារពន្លត់អគ្គិភ័យចំនួន ៤ នាក់ត្រូវបានបាត់បង់ជីវិត ខណៈ ៦ នាក់ផ្សេងទៀតបានរងរបួស។ ក្នុងនោះដែរ តាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសដោយសេវាកម្មព្រៃឈើកូរ៉េកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ បានរៀបរាប់ថា ផ្ទៃដីចំនួន ៣២៨៦.១១ ហិកតាត្រូវបានភ្លើងដុតបំផ្លាញ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ។
គិតមកទល់ពេលនេះ ខាងអាជ្ញាធរនៅកំពុងព្យាយាមគ្រប់គ្រងភ្លើងនៅឡើយ ខណៈរូបភាពទាំងភ្លើងកំពុងឆេះ និង រូបភាពពលរដ្ឋត្រូវជម្លៀសខ្លួនធ្វើឱ្យមហាជនជាច្រើនក្តុកក្តួលចិត្តគ្រប់គ្នា៕