ក្រោយតារាចម្រៀងស្រី យក់ ថិតរដ្ឋា ចេញមកស្រាយបញ្ជាក់ក្នុងកម្មវិធី «3 Fun» រឿងរ៉ាវជម្លោះរវាងសិស្សច្បង និង សិស្សប្អូនក្នុងវិស័យសិល្បៈកម្ពុជា គឺនៅតែជាប្រធានបទក្ដៅគគុកពាសពេញបណ្ដាញសង្គមហ្វេសប៊ុកនៅឡើយ។ បើទោះជាសិស្សច្បង យក់ ថិតរដ្ឋា មិនបានបញ្ជាក់ឈ្មោះចំៗនៅបុគ្គលដែលមានការក្នាំងក្នាក់ចិត្តគ្នាក្ដី ប៉ុន្តែមហាជនតាមបណ្ដាញសង្គមហ្វេសប៊ុកបានសង្ស័យទៅលើតារានេះ តារានោះជាបន្តបន្ទាប់។
យ៉ាងណាមិញ ខណៈរឿងរ៉ាវហាក់មិនថមថយកម្ដៅ ថ្មីៗនេះ លោក ឃុំ ប៉ុណ្ណាដេត ដែលត្រូវជាស្វាមីរបស់អ្នកនាង យក់ ថិនរដ្ឋា ក៏បានចេញវីដេអូបកស្រាយមួយរៀបរាប់ពីដើមហេតុគ្រប់យ៉ាងដែលឈានដល់ការប៉ះទង្គិចគ្នានេះ។
ដោយឡែក ងាកមកតារាចម្រៀងស្រី ពេជ្រ សូលីកា វិញ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា នេះ នាងបានបង្ហោះសារយ៉ាងភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុកផេក ហាក់ដូចជាកំពុងឆ្លើយតបទៅនឹងប្រធានបទកំពុងផ្ទុះការវែកញែកខាងលើនេះ។
ក្នុងនោះ ពេជ្រ សូលីកា បានបង្ហោះថា ៖ «ជាដំបូង នាងខ្ញុំ សូមគោរព និង សុំការអភ័យទោសពីសំណាក់បងប្អូនទស្សនិកជនទាំងអស់របស់នាងខ្ញុំ ដែលធ្វើបណ្ដាញសង្គមមានភាពវឹកវរដោយសាររូបនាងខ្ញុំ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ នាងខ្ញុំសូមចូលដល់សំណេរបស់នាងខ្ញុំតែម្ដង រឿងហេតុដែលនាងខ្ញុំមិនបកស្រាយអ្វីទាំងអស់ ព្រោះការបកស្រាយ វាគ្រាន់តែជាការដែលធ្វើឱ្យអ្នកដទៃមើលមកខ្ញុំជាបុគ្គលដែលស្អាតស្អំ តែវាមិនបានធ្វើឱ្យខ្លួនខ្ញុំរស់នៅធ្វើជាមនុស្សល្អនោះទេ តាំងពីតូចរហូតដល់ដឹងក្ដី ខ្ញុំជឿតែមួយគត់ក្នុងឆាកជីវិតរបស់ខ្ញុំ គឺជឿទៅលើ «ពេលវេលា» អាក្រក់ ល្អ ស ខ្មៅ ខុស ត្រូវ គឺពេលវេលាជាអ្នកបញ្ជាក់ឱ្យខ្ញុំយល់ច្បាស់ និងមិនស្ដាយក្រោយ»។
ពេជ្រ សូលីកា បន្តទៀតថា ៖ «នាងខ្ញុំជ្រើសរើសស្ងប់ស្ងាត់ ក៏ព្រោះតែនាងខ្ញុំដឹងថា អ្នកនិពន្ធរឿងនេះនឹងមិននិពន្ធឱ្យមានភាគបញ្ចប់នោះទេ ដូច្នេះហើយ ទើបនាងខ្ញុំមិនចូលរួមសម្ដែងក្នុងរឿងមួយនេះ បើពិតជាមានភាគបញ្ចប់មែន មិនមែនរហូតមកដល់ពេលនេះ នៅតែភាគបន្តបញ្ចាំងជូនបងប្អូនទស្សនាទៀតនោះទេ បើដរាបណាអ្នកនិពន្ធនៅតែបន្តទាំងក្នុងឆាក និង ក្រៅឆាក គ្រប់កន្លែងបែបនោះ ខ្ញុំរើសផ្លូវ Peace ពីព្រោះវាជាកន្លែងដែលឱ្យខ្ញុំស្ងប់សុខ សេចក្ដីសុខផ្លូវចិត្តរបស់ខ្ញុំ ផ្លូវចិត្តខ្ញុំល្អ ខ្ញុំគិតតែរឿងល្អៗ មិនក្ដៅក្រហាយ មិនខឹង មិនស្អប់ មិនគុំគួន មិនចង់ប្រកួតឈ្នះចាញ់នឹងអ្នកណា មិនត្រូវការរកភាពស្អាតស្អំឱ្យខ្លួនឯង ប៉ុន្តែក្នុងសំណេរនេះ នាងខ្ញុំក៏ចង់បញ្ជាក់ដែរថា បើពិតជាតម្រូវឱ្យរូបនាងខ្ញុំ ត្រូវតែបកស្រាយជាដាច់ខាត នាងខ្ញុំសុំបញ្ជាក់ច្បាស់ៗថា «មាសសុទ្ធមិនខ្លាចភ្លើង»៕