ករណីដ៏កម្រមួយបានកើតឡើងនៅប្រទេសក្រូអាត ដោយមានបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោក ដើរតាមផ្លូវក៏ស្រាប់តែត្រូវពស់ចឹក តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ បុរសរូបនោះបែរជាមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ទៅជាសត្វពស់ដែលចឹកនោះរងគ្រោះដល់ងាប់ទៅវិញ។

តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ Stef Radulych អាយុ ៤២ ឆ្នាំ ខណៈកំពុងដើរមកផ្ទះវិញក្នុងសភាពស្រវឹងជោគក្រោយប្រជុំមុខជំនួញរួច ស្រាប់តែលោកមានអារម្មណ៍ឈឺខ្ទោកៗនៅជើង។ លោកក៏សំឡឹងមើលជុំវិញខ្លួនហើយក៏ចាប់អារម្មណ៍ឃើញពស់មួយក្បាលកំពុងវារនៅលើផ្លូវ។ តាមសាក្សីបានបញ្ជាក់ថា សកម្មភាពវាររបស់ពស់មួយក្បាលនោះគឺចម្លែកដោយវាមើលទៅខ្សោយៗ វារចុះវារឡើង ថែមទាំងវារបុកក្បាលនឹងដើមឈើ ២ ដងទៀតផង។

លោក Stef Radulych បានចាប់ពស់នោះយកទៅគ្លីនីកសត្វ តែពេលទៅដល់ពេទ្យ ពស់នោះបានងាប់បាត់ទៅហើយ។ ក្រោយគ្រូពេទ្យពិនិត្យមើលទៅ ទើបរកឃើញថាជាតិអាល់កុលនៅក្នុងឈាមរបស់ពស់មួយក្បាលនោះគឺខ្ពស់ខ្លាំងមែនទែន រហូតធ្វើឱ្យវាត្រូវងាប់បែបនេះ។ កាន់តែចម្លែកលើសនេះទៅទៀតនោះ បុរសដែលត្រូវពស់ចឹកវិញ បែរជាមិនប៉ះពាល់សុខភាពធ្ងន់ធ្ងរទៅវិញ ដោយគ្រូពេទ្យលើកឡើងថា ព្រោះកម្រិតជាតិអាល់កុលក្នុងខ្លួនលោកខ្លាំង ទើបបន្ថយផលប៉ះពាល់របស់ពិសសត្វពស់។

ទោះជាយ៉ាងណាក៏ដោយ ខាងអ្នកជំនាញក៏បានព្រមានផងដែរថា ករណីបុរសខាងលើមិនមែនមានន័យថាការផឹកគ្រឿងស្រវឹងអាចបន្សាបពិសពស់នោះឡើយ វាគ្រាន់តែជាការចៃដន្យដ៏សំណាងមួយតែប៉ុណ្ណោះ៕
ប្រភព៖ Zamin