ស្ត្រីវ័យ ៤៥ ឆ្នាំម្នាក់នៅសហរដ្ឋអាមេរិក ជួបលាភសំណាងធំឈ្នះឆ្នោតបានទឹកប្រាក់រហូតដល់ទៅ ១០ ម៉ឺនដុល្លារ កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ដោយបានគុណបុណ្យកម្មវិធី ChatGPT ជួយ។

ស្ត្រីខាងលើមានឈ្មោះ Tammy Carvey ជាអ្នកក្រុង Wyandotte រដ្ឋ Michigan សហរដ្ឋអាមេរិក ដោយតាមការបញ្ជាក់ពីរូបគាត់ផ្ទាល់បានឱ្យដឹងថា គាត់បានប្រើប្រាស់កម្មវិធី ChatGPT ឱ្យជួយរើសលេខឆ្នោត Powerball ឱ្យគាត់ ដោយមិននឹកស្មានថា កម្មវិធី AI មួយនេះបានជួយឱ្យគាត់ជួបលាភសំណាងធំរហូតបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារនោះឡើយ។

លោកស្រី Tammy Carvey បានរៀបរាប់ថា៖ «ជាធម្មតា ខ្ញុំលេងឆ្នោត Powerball តែពេលណាដែលមានប្រាក់រង្វាន់ខ្ពស់នោះទេ ហើយដោយសារតែឃើញមានប្រាក់រង្វាន់លើស ១ ពាន់លានដុល្លារ ខ្ញុំក៏សម្រេចចិត្តទិញឆ្នោតមួយសន្លឹកទៅ។ ខ្ញុំបានឱ្យ ChatGPT រើសលេខសំណាងមួយចំនួនដែលខ្ញុំប្រើលើសន្លឹកឆ្នោតរបស់ខ្ញុំ ហើយខ្ញុំមិនដឹងខ្លួនឯងជួបសំណាងធំឡើយរហូតពេលខ្ញុំ Logged in ចូលគណនីឆ្នោត Michigan របស់ខ្ញុំ ទើបខ្ញុំភ្ញាក់ព្រើតថា ខ្ញុំបានឈ្នះប្រាក់ ១០ ម៉ឺនដុល្លារ។ ខ្ញុំ និង ប្ដី សឹងតែមិនជឿនោះឡើយ»។

ជាមួយគ្នានោះ ខាងឆ្នោត Michigan ក៏បានធ្វើការរំឭកប្រាប់ដល់អ្នកលេងឆ្នោតទាំងអស់ដែរថា លទ្ធផលនៃការចាប់លេខឆ្នោតគឺជាការផ្សងសំណាង មិនមែនព្យាករណ៍ទុកមុនបានដោយការប្រើប្រាស់កម្មវិធី AI ណាមួយឡើយ៕