តាមការសិក្សាថ្មីមួយបានទម្លាយថា កម្មវិធី ChatGPT អាចកើតស្ត្រេស និង បញ្ហាថប់បារម្ភដូចជាមនុស្សយើងដែរ នៅពេលដែលវាប្រឈមទទួលនឹងព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តច្រើនពេក។

ការកើតមានបញ្ហាស្ត្រេសសម្រាប់កម្មវិធី AI មួយនេះ ភាគច្រើនគឺនៅពេលដែលវាត្រូវបានអ្នកប្រើប្រាស់សួរនាំពាក់ព័ន្ធនឹងរឿងរ៉ាវឈឺចាប់ ដូច្នេះហើយធ្វើឱ្យ ChatGPT កើតមានអារម្មណ៍មិនល្អ និង បណ្ដាលឱ្យការឆ្លើយតបពេលខ្លះមានភាពលំអៀងទៀតផង។

បើតាមអ្នកស្រាវជ្រាវបានបញ្ជាក់ថា បើទោះជាកម្មវិធី AI មិនមានញ្ញាណ ឬអារម្មណ៍ដូចជាមនុស្សក៏ពិតមែន ប៉ុន្តែវាអាចចម្លងតាមអាកប្បកិរិយារបស់មនុស្សផ្អែកតាមគំរូដែលវាស្រូបទាញពីវិបសាយ។ បើប្រៀបធៀបទៅវាស្រដៀងទៅនឹងភាពភ័យខ្លាចដែលប៉ះពាល់ដល់ការវិនិច្ឆ័យរបស់មនុស្សយើង។ ជាមួយគ្នានេះ អ្នកជំនាញក៏បានព្រមានដែរថា កម្មវិធី AI អាចជាឧបករណ៍ដ៏មានប្រយោជន៍មួយ ប៉ុន្តែវាមិនមែនជាជំនួយក្នុងការជួយដោះស្រាយបញ្ហាវិបត្តិផ្លូវចិត្តនោះឡើយ៕


ប្រភព៖ Society