ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអ៊ីស្រាអែល បានបង្កើតវិធីសាស្ត្រថ្មីមួយក្នុងការរុករកជំងឺមហារីក ដោយការបង្វឹកសត្វសុនខហិតក្លិនឱ្យហិតរកជំងឺពីអ្នក។
តាមការសិក្សាថ្មីដែលដឹកនាំធ្វើឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់អ៊ីស្រាអែល SpititEarly ខាងក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់សុនខពូជ Beagles ឱ្យធ្វើការហិតសំណាកក្លិនដង្ហើមរបស់ក្រុមមនុស្សមានសុខភាពល្អ និង អ្នកជំងឺមហារីក។
អ្នកចូលរួមធ្វើតេស្តខាងលើគឺតម្រូវឱ្យធ្វើការដកដង្ហើមដាក់ក្នុងម៉ាស់រយៈពេល ៣ នាទី ក្រោយមកម៉ាស់នោះត្រូវបានចងរុំឱ្យជិតល្អបញ្ជូនបន្តទៅមន្ទីរពិសោធ។ នៅទីនោះ សុនខពូជ Beagles នឹងធ្វើការហិតម៉ាស់ទាំងនោះដើម្បីស្វែករកជំងឺមហារីក ហើយប្រសិនបើរកឃើញ នោះវានឹងបង្ហាញប្រាប់ដោយការអង្គុយចុះ ឬ ក្រាបចុះ។
ជាលទ្ធផលដំបូងបានបង្ហាញភាពជោគជ័យ ជាមួយគោលដៅបង្កើតវិធីសាស្ត្រស្វែងរកមហារីកដែលរហ័សក្នុងប្រទេសអ៊ីស្រាអែល និង ទូទាំងសកលលោក។
គួរឱ្យដឹងថា ក្នុងការសិក្សាខាងលើនេះដែរមានមនុស្សចូលរួមប្រមាណ ១៤០០ នាក់ ដោយក្នុងចំណោមនោះមានមនុស្ស ២៦១ នាក់បានកើតជំងឺមហារីក។ ជាលទ្ធផលក្រោយឆ្កែធ្វើការហិតក្លិន គឺវាអាចរកឃើញអ្នកកើតមហារីកចំនួន ២៤៥ នាក់ ដែលចំនួននេះគឺជោគជ័យបានដល់ទៅ ៩៤%។
ដើម្បីបង្កើនភាពត្រឹមត្រូវនៃលទ្ធផល ក្រុមអ្នកស្រាវជ្រាវក៏បានរួមបញ្ចូលបច្ចេកវិទ្យា AI និង កុំព្យូទ័រផងដែរ ដើម្បីតាមដានអត្តចរិតសត្វសុនខ និង វាយតម្លៃការឆ្លើយតបរបស់ពួកវា។
សត្វសុនខគឺមានញាណក្នុងការហិតខ្ពស់រហូតដល់ប្រមាណ ៣០០ លាន smell receptors បើធៀបនឹងមនុស្សមានត្រឹម ៥ លានប៉ុណ្ណោះ។ ផ្នែកមួយនៃខួរក្បាលរបស់សុនខដែលដំណើរការចាប់ការហិតក្លិនគឺធំជាងមនុស្សដល់ទៅ ៤០ ដង ដែលអាចឱ្យពួកវាហិតដឹងនូវសារធាតុគីមីតូចៗដែលផ្លាស់ប្ដូរក្នុងដង្ហើមបាន រួមទាំងការដឹងនូវសញ្ញាមានដុំសាច់មហារីកនេះជាដើម។
គួរបញ្ជាក់បន្ថែមដែរថា សត្វសុនខធ្លាប់បានប្រើប្រាស់ក្នុងការហិតរកគ្រឿងញៀន គ្រឿងផ្ទុះ និង ជំងឺមួយចំនួនដូចជាកញ្ជ្រឹល និង កូវីដ-១៩ ផងដែរ។
លោក Shlomi Madar នាយកប្រតិបត្តិក្រុមហ៊ុន SpotitEarly បានលើកឡើងដែរថា ដំណាក់កាលបន្ទាប់ នឹងឈានដល់ clinical trails នៅសហរដ្ឋអាមរិក ដើម្បីអាចទទួលការអនុម័តទទួលស្គាល់។ ក្នុងនោះដែរ ក្រុមហ៊ុនក៏គ្រោងពង្រីកក្រុមសុនខ Beagles របស់ខ្លួន បង្កើតជាផ្នែកចល័តស្វែងរកជំងឺកាចសាហាវនេះ៕
ប្រភព៖ Kenh14