ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្រុង Shenzhen ប្រទេសចិន ថ្មីៗកំពុងធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ ក្រោយប្រកាសផ្ដល់រង្វាន់ជាគ្រាប់ចុច keyboard ចំនួន ២១ គ្រាប់ ធ្វើពីមាសសុទ្ធ ដល់បុគ្គលិករបស់ខ្លួន ជាការអបអរថ្ងៃ Programmer’s Day កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ។

គ្រាប់ចុចធ្វើពីមាសទាំងនោះរួចមាន គ្រាប់អក្សរ C, V, Ctrl, Shift, Enter និង Space ដោយត្រឹមតែគ្រាប់ចុច Space មួយ មានទម្ងន់ដល់ ៣៥ ក្រាម បើគិតជាតម្លៃដល់ទៅ ៤ ម៉ឺនយ័ន (ប្រមាណ ៥ ៦៣៤ ដុល្លារ)។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុនមួយនេះផ្ដល់រង្វាន់មានតម្លៃដល់បុគ្គលិកខ្លួនបែបនេះ ដោយឆ្នាំនេះគឺជាឆ្នាំទី ៤ ហើយ និង បើគិតសរុបគ្រាប់ចុចធ្វើពីមាស គឺមានចំនួន ៥៥ ដុំហើយ ដែលបានប្រគល់ឱ្យបុគ្គលិកឆ្នើមក្នុងថ្ងៃ Programmer’s Day នេះ៕
