Shim Jaehyun ឬ Jaehyun អតីតសមាជិកក្រុមចម្រៀង F.ABLE បានទទួលមរណភាពទៅហើយក្នុងវ័យត្រឹម ២៣ ឆ្នាំ ដោយសារជំងឺមហារីកគ្រាប់ឈាម។ ដំណឹងមរណភាពរបស់លោកត្រូវបានមិត្តភក្តិ អ្នកគាំទ្រ ក៏ដូចជាមិត្តរួមការងារប្រកាសកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ។
តាមឱ្យដឹង តារាចម្រៀងប្រុស Jaehyun បានតស៊ូព្យាបាលជំងឺមហារីកគ្រាប់ឈាមស្ងាត់ៗក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ជំងឺប្រចាំកាយរបស់លោកគឺមិនត្រូវបានប្រកាសជាសាធារណៈឡើយ ហើយអ្នកគាំទ្រជាច្រើនបានដឹងថាលោកកើតមានជំងឺនេះក្រោយដំណឹងមរណភាពរបស់លោកប្រកាសហើយប៉ុណ្ណោះ។ ចំពោះព័ត៌មានលម្អិតជុំវិញស្ថានភាពជំងឺ ក៏ដូចជាការព្យាបាលលោក គឺត្រូវបានរក្សាជាឯកជនភាពដដែល។
តារាចម្រៀងប្រុស Jaehyun បានកើតនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០០២ ដោយលោកបានចូលប្រឡូកវិស័យចម្រៀងក្នុងនាមជាសមាជិកក្រុម F.ABLE នៅខែមិថុនា ឆ្នាំ ២០២០ ក្រោមការគ្រប់គ្រងពីផលិតកម្ម Haeirum Entertainment៕
ប្រភព៖ AllKpop