យន្តហោះ Air Corsica ជើងហោះហើរលេខ XK777 ហោះចេញពីព្រលានយន្តហោះ Orly នាក្រុងប៉ារីស ប្រទេសបារាំង វេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ និង គ្រោងនឹងចុះចតនៅព្រលានយន្តហោះ Ajaccio Napoleon Bonaparte នាកោះ Corsica ដែនសមុទ្រមេឌីទែរ៉ាណេ នៅម៉ោង ១១ និង ២៥ នាទីយប់។ យ៉ាងណាមិញ យន្តហោះមួយគ្រឿងនេះ បែរជាត្រូវបង្ខំហោះឆ្វែលលើអាកាសរយៈពេល ៣០ នាទីមិនអាចចុះចតបាន ដោយសារតែបុគ្គលិកប៉មត្រួតពិនិត្យចរាចរណ៍យន្តហោះម្នាក់ដេកលង់លក់ មិនបើកភ្លើងបំភ្លឺផ្លូវចុះចត។
តាមព័ត៌មានបានឱ្យដឹងថា ខណៈហោះហើរឆ្ពោះមកដល់ព្រលានយន្តហោះជាគោលដៅហើយនោះ ខាងពីឡុតបានទាក់ទងទៅខាងបុគ្គលិកត្រួតពិនិត្យចរាចរណ៍ជាច្រើនលើកច្រើនសា ប៉ុន្តែមិនទទួលបានការឆ្លើយតបអ្វីឡើយ ទើបលោកត្រូវហោះឆ្វែលលើអាកាសរង់ចាំការឆ្លើយតបសិន។ អ្នកបើកបរយន្តហោះក៏បានប្រកាសទៀតថា លោកអាចនឹងត្រូវបកត្រឡប់ទៅព្រលានយន្តហោះក្បែរនោះដើម្បីចុះចតសិន ប្រសិនបើស្ថានការណ៍មិនអាចដោះស្រាយបាន។
យ៉ាងណាមិញ ខាងបុគ្គលិកលើយន្តហោះក៏បានទាក់ទងទៅខាងនាយកដ្ឋានពន្លត់អគ្គិភ័យនៅព្រលាន ហើយអាជ្ញាធរក៏រកឃើញថា នៅប៉មត្រួតពិនិត្យគឺមានតែបុគ្គលិកម្នាក់ប៉ុណ្ណោះប្រចាំការ ហើយបុគ្គលិកនោះក៏ដេកលក់ទៅទៀត។ ចុងក្រោយ ភ្លើងបំភ្លឺផ្លូវចុះចតក៏បានដំណើរការ ក្រោយបុគ្គលិកនោះភ្ញាក់ឡើង ដោយយន្តហោះក៏បានចុះចតដោយសុវត្ថិភាពនៅវេលាម៉ោង ១២ និង ៣៥ នាទីយប់ឈានចូលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥៕