នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Page Six បានចេញផ្សាយថា តារាចម្រៀង Katy Perry និង គូដណ្ដឹង Orlando Bloom បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេហើយ ដោយអ្នកទាំងពីររង់ចាំការប្រគំតន្ត្រីទេសចរណ៍របស់ Katy Perry ចប់សិន មុនពេលធ្វើការប្រកាសពីការចែកផ្លូវគ្នានេះជាសាធារណៈ។ គួរបញ្ជាក់ថា Katy Perry កំពុងតែត្រៀមខ្លួនសម្រាប់ធ្វើការប្រគំតន្ត្រីទេសចរណ៍ជាសកលរបស់នាងមួយហៅថា «Lifetimes Tour» ដោយនឹងចាប់ផ្ដើមក្នុងខែមិថុនានេះ និង បញ្ចប់ទៅវិញនៅចុងខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ។
តាមសារព័ត៌មានខាងលើដដែលបានឱ្យដឹងទៀតថា ទំនាក់ទំនងរវាង Katy Perry និង តារាសម្ដែង Orlando Bloom គឺតឹងតែង និង ប៉ះទង្គិចគ្នាណាស់ ខណៈរូបនាងកំពុងតែធ្វើការលើគម្រោងការងារថ្មីរបស់ខ្លួន។ Katy គឺកំពុងរងសម្ពាធខ្លាំងនៅពេលដែលចម្រៀងរបស់នាងត្រូវបានគេរិះគន់ឥតឈប់ឈរ។ ទោះជា Orlando Bloom ព្យាយាមផ្ដល់កម្លាំងចិត្តនាងយ៉ាងណា ក៏ Katy ពិបាកក្នុងការធ្វើចិត្តឱ្យស្ងប់ និង ជម្នះសម្ពាធផ្លូវចិត្តមួយនេះដែរ។ បញ្ហាពាក់ព័ន្ធនឹងអាជីពរបស់ Katy នេះហើយក៏ជាផ្នែកមួយធ្វើឱ្យប៉ះទង្គិចដល់ជីវិតស្នេហារបស់នាងដូចគ្នា។
បន្ថែមពីនេះ Katy Perry និង Orlando Bloom ក៏មិនសូវឃើញចំណាយពេលជាមួយគ្នាដូចមុន។ ពួកគេហាក់ដាច់ឆ្ងាយពីគ្នា និង លែងរួមរស់ជាមួយគ្នាទៀតហើយ ដោយសូម្បីតែសាច់ញាតិរបស់ពួកគេក៏ដឹងថាពួកគេលែងចុះសម្រុងគ្នាដែរ។ យ៉ាងណាមិញ ព័ត៌មានចចាមអារ៉ាមមួយនេះ ខាង Katy Perry និង លោក Orlando Bloom គឺមិនទាន់ចេញមុខឆ្លើយតបនៅឡើយនោះទេ។
គួររំឭកថា តារាចម្រៀង Katy Perry និង តារាសម្ដែងប្រុស Orlando Bloom បានចាប់ផ្ដើមទាក់ទងគ្នាក្នុងឆ្នាំ ២០១៦ និង បានភ្ជាប់ពាក្យប្ដូរឈ្មោះជាគូដណ្ដឹងនឹងគ្នានៅថ្ងៃ Vaentine ឆ្នាំ ២០១៩។ គូស្នេហ៍តារាល្បីមួយគូនេះ មានគម្រោងចង់រៀបការជាមួយគ្នាក្នុងខែមិថុនា ឆ្នាំ ២០២០ ប៉ុន្តែគម្រោងថ្ងៃមង្គលត្រូវបានពន្យារពេលវិញដោយសារការផ្ទុះជំងឺកូវីដ-១៩។ មកដល់ខែសីហា ឆ្នាំ ២០២០ ពួកគេក៏ទទួលបានចំណងដៃកូនស្រីម្នាក់រួមគ្នាឈ្មោះថា Daisy Dove Bloom៕