ក្ដៅៗ! ពលរដ្ឋបារាំងផ្ទុះការរិះគន់ថា តម្លៃសំបុត្រចូលមើលប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំ ២០២៤ ថ្លៃដូចមាស
នាពេលថ្មីៗនេះ សារព័ត៌មាន The Washington Post បានចុះផ្សាយថា តម្លៃសំបុត្រសម្រាប់ចូលទស្សនាការប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំ ២០២៣ ដែលធ្វើនៅទីក្រុងប៉ារីស មានតម្លៃថ្លៃខ្លាំងធ្វើឱ្យពលរដ្ឋមិនមានលទ្ធភាពទិញ។
យោងតាមការចុះផ្សាយបានឱ្យដឹងថា ពេលឥឡូវនេះប្រជាពលរដ្ឋនៅបារាំង ហាក់មានការខឹងសម្បារជាខ្លាំងចំពោះតម្លៃសំបុត្រសម្រាប់ព្រឹត្តិការណ៍នេះ ដោយសារពលរដ្ឋបារាំង ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះមួយចំនួនមិនមានលទ្ធភាពគ្រប់គ្រាប់សម្រាប់ទិញវា ដែលជាធម្មតាសំបុត្រចំនួន ១ លានក្នុងចំណោម ១០ លានសំបុត្រត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណតែ ២៧ ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែនៅតែពលរដ្ឋមិនពេញចិត្ត ព្រោះពួកគេមិនអាចដណ្ដើមទិញសំបុត្រ ដែលជាចំនួនមានកំណត់នោះបានទាន់ពេលវេលា។
ជាក់ស្ដែង សម្រាប់សំបុត្រក្នុងពិធីបើកនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ដែលនឹងធ្វើនៅទីក្រុងប៉ារីស នេះគឺមានតម្លៃដល់ទៅ ២៩០០ ដុល្លារ ស្របពេលដែលសំបុត្រសម្រាប់ចូលទស្សនាការប្រកួតកីឡាដូចជា ៖ កាយសម្ព័ន្ធ រត់ និង ហែលទឹកមានតម្លៃរហូតដល់ទៅ ១០០០ ដុល្លារក្នុងមួយកៅអី។ យ៉ាងណាមិញ បើទោះបីជាមានការរិះគន់ និង ការមិនពេញចិត្តពីពលរដ្ឋក៏ដោយ ប៉ុន្តែអ្នករៀបចំការប្រកួតបានលើកឡើងថា កៅអីជិត ២ ភាគ ៣ គឺត្រូវបានលក់រួចហើយ។
ទន្ទឹមនឹងនេះ យោងតាមព័ត៌មានបានឱ្យដឹងទៀតថា រដ្ឋាភិបាលបារាំង ក៏បានប្តេជ្ញាដែរថា ខ្លួននឹងមិនយកពន្ធពិសេសណាមួយសម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការប្រកួតនោះទេ ហើយស្ទើរតែ ២ ភាគ ៣ នៃការចំណាយសរុបរបស់ព្រឹត្តិការណ៍ ដែលមានតម្លៃជិត ១០ ពាន់លានដុល្លារនឹងត្រូវបង់ដោយអ្នកឧបត្ថម្ភ និង គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយនៅសល់គឺបានមកពីការលក់សំបុត្រ។
គួរដឹងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០១២ នៅទីក្រុងឡុងដ៍ តម្លៃសំបុត្រសម្រាប់ពិធីបើកគឺ លើសពី ៣០០០ ដុល្លារទៅទៀត ហើយប្រទេសបារាំង ធ្លាប់រៀបចំការប្រកួតកីឡាអូឡាំពិក ចំនួន ៥ ដងរួចមកហើយ ដោយឆ្នាំ ២០២៤ ខាងមុខនេះគឺជាការដែល បារាំង ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡានេះជាលើកទី ៦ ចំណែកឯការរៀបចំបន្ទាប់គឺនៅឆ្នាំ ២០២៨ នៅ Los Angeles និង ឆ្នាំ ២០៣២ នៅ Brisbane ប្រទេសអូស្ត្រាលី៕
ប្រភព ៖ The Washington Post