នៅវេលាម៉ោង ៣ រសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) ធាតុរបស់តារាសម្ដែងស្រី Barbie Hsu ត្រូវបានស្វាមី Koo Jun Yup និង ក្រុមគ្រួសាររបស់នាងនាំយកត្រឡប់ដល់ស្រុកកំណើតឯតៃវ៉ាន់វិញហើយ ដោយក្នុងយប់ថ្ងៃដដែលនោះតាមការបញ្ជាក់ពីប្អូនស្រីរបស់នាង Dee Hsu បានឱ្យដឹងថា ក្រុមគ្រួសាររបស់នាងគឺមិនធ្វើការរៀបចំពិធីបុណ្យសពអ្វីនោះឡើយសម្រាប់ Barbie ដោយនាងបានលើកហេតុផលដ៏សំខាន់មួយដែល Barbie ចូលចិត្ត និង ចង់បានកាលពីនាងនៅមានជីវិត។
តាមសម្ដីរបស់ Dee Hsu ថ្លែងប្រាប់តាមរយៈអ្នកតំណាងបានរៀបរាប់ថា៖ «អរគុណដល់អ្នកសារព័ត៌មាន និង គ្រប់គ្នាទាំងអស់សម្រាប់ការរង់ចាំបងស្រីរបស់ខ្ញុំ Barbie Hsu វិលត្រឡប់មកវិញទាំងក្នុងអាកាសធាតុត្រជាក់បែបនេះ។ បងស្រីខ្ញុំបានមកដល់ផ្ទះវិញដោយសុវត្ថិភាពហើយ។ ពួកយើងជឿថាបងស្រីពេលនេះគឺរីករាយ និង លែងមានទុក្ខកង្វល់អ្វីទៀតហើយនៅឋានលើ។ ក្រុមគ្រួសារខ្ញុំនឹងមិនធ្វើពិធីបុណ្យសពអ្វីនោះឡើយ ព្រោះថាបងស្រី Barbie របស់ខ្ញុំចូលចិត្តរស់នៅជីវិតស្ងប់ស្ងាត់ លក្ខណៈឯកជន និង គ្មានសំឡេងរំខាន។ ដូច្នេះហើយ បើសិនជាគ្រប់គ្នានឹកគាត់ សូមរក្សាក្ដីនឹករឭកដល់គាត់ក្នុងបេះដូងរបស់អ្នកទាំងអស់គ្នាណា។ ក្រុមគ្រួសាររបស់យើងពិតជាស្ញប់ស្ញែងខ្លាំងមែនទែនចំពោះក្ដីស្រឡាញ់ដែលអ្នកទាំងអស់គ្នាមានសម្រាប់ Barbie Hsu»។
គួរឱ្យដឹងផងដែរថា បើតាមសារព័ត៌មាន China Times មិត្តភក្តិម្នាក់របស់ Barbie Hsu បាននិយាយថា កាលពីនាងនៅមានជីវិត Barbie តែងតែនិយាយពាក់ព័ន្ធនឹងការស្លាប់របស់នាងជាច្រើនដង។ នាងបានប្រាប់ក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិរបស់នាងថាក្នុងថ្ងៃដែលនាងស្លាប់ ពេលធ្វើបុណ្យនាងចង់ឱ្យគ្រប់គ្នារីករាយ ផឹកស្រាស៊ាំប៉ាញដែលពួកគេចូលចិត្ត ហើយញ៉ាំអាហារណាឆ្ងាញ់ៗ។ ពេលដែលពួកគេមកលាគ្នាជាមួយនាងជាលើកចុងក្រោយ នាងសង្ឃឹមថាគ្រប់គ្នានឹងមិនយំនោះឡើយ។ នៅពេលនោះ មិត្តភក្តិរបស់នាងគ្រាន់តែគិតថា Barbie និយាយលេងសើចធម្មតាប៉ុណ្ណោះដោយគ្មាននរណាម្នាក់រំពឹងថាថ្ងៃដែលនាងចាកចេញគឺលឿនភ្លាមៗទាំងដែលកំពុងដើរកម្សាន្តនៅក្រៅប្រទេសបែបនេះសោះ៕
ប្រភព៖ Kenh14