បានទៅកុំភ្លេចចូល! នៅសៀមរាប មានកន្លែងគេងជាប់ជើងភ្នំ ទេសភាពស្អាតខ្លាំង ជិះពីព្រលានថ្មីខ្ទង់ ១ ម៉ោង
ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប គឺជាខេត្តមួយប្រកបទៅដោយសក្តានុពលទេសចរខ្ពស់ ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណយ៉ាងច្រើន និង តំបន់ទេសចរមានទេសភាពស្រស់ត្រកាលច្រើនអនេក ទាក់ចិត្តអ្នកទេសចរឱ្យចង់ទៅទស្សនាកម្សាន្ត មិនថាថ្ងៃសម្រាក ឬក៏បុណ្យទានផ្សេងៗនោះឡើយ។
ដោយសារតែជាភូមិសាស្ត្រដែលសម្បូរទៅដោយកន្លែងលម្ហែដ៏ច្រើនសម្បូរបែបនេះហើយ ដូច្នេះថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវកន្លែងលម្ហែមួយកន្លែង ដែលប្រិយមិត្តមួយចំនួនអាចនឹងមើលរំលង និង ពុំធ្លាប់បានទៅដល់ ដែលនៅទីនោះមានឈ្មោះថា «Thisak Resort»។
ជាកន្លែងលម្ហែដែលស្ថិតនៅជាប់ជើងភ្នំគូលែន «Thisak Resort» ពិតជាអាចជួយបន្ធូរអារម្មណ៍ប្រិយមិត្ត តាមរយៈទេសភាពដ៏ស្រស់ត្រកាលជាប់ជើងភ្នំ ហើយងាយស្រួលធ្វើដំណើរកម្សាន្តទៅកាន់ប្រាសាទបុរាណជាច្រើននៅក្បែរនោះ ព្រមទាំងមានបម្រើសេវាកម្មជាច្រើន រួមមានបន្ទប់ស្នាក់នៅដ៏ស្រស់ស្អាត មានអាងហែលទឹក កន្លែងក្មេងលេង កន្លែងហាត់ប្រាណ កន្លែងបោះបូល កន្លែងបាញ់ធ្នូ កន្លែងជិះកង់ និង ម៉ូតូធំក្នុងព្រៃ ព្រមទាំងមានពើងថ្ម រួមទាំងកន្លែងដើរ Trekking និង កន្លែងសម្រាប់បោះតង់ជាក្រុមៗថែមទៀតផង។
សូមបញ្ជាក់ផងដែរថា Thisak Resort មានចម្ងាយ ២៥ Km ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និង ហួសពីប្រាសាទបេងមាលា ១០ km មានទីតាំងនៅជាប់នឹងជើងភ្នំគូលែន (ស្រុកស្វាយលើ) ពោលគឺធ្វើដំណើរពីក្រុងសៀមរាបតាមផ្លូវព្រលាន្តយន្តហោះថ្មី ប្រហែល ១ ម៉ោង ដល់ស្ពានអាកាស បត់ក្រោមស្ពានខាងឆ្វេងដៃ តាមផ្លូវលេខ ៦៤ នៅចន្លោះគីឡូម៉ែត្រលេខ ៤០-៤១។ អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 012 796677/069636524៕