មុខងារ «Fall Detection» លើ Apple Watch ជួយសង្គ្រោះជីវិតបុរសម្នាក់
មុខងារ Fall Detection នៅលើនាឡិកាដៃវៃឆ្លាត Apple Watch Series 4 បានជួយជីវិតមនុស្សជាច្រើននៅជុំវិញពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីវាបានដាក់ឱ្យប្រើប្រាស់ ។
ជាក់ស្តែង លោក Gabe Burdett បានចែករំលែកបទពិសោធពិតនៅលើបណ្តាញសង្គម Facebook ពាក់ព័ន្ធ Apple Watch ដែលបានជួយសង្គ្រោះឪពុករបស់លោក ។
លោក Gabe និង ឪពុកឈ្មោះ Bob មានគម្រោងជិះកង់ឡើងភ្នំជាមួយគ្នា កាលពីសប្តាហ៍មុន ប៉ុន្តែឪពុក Gabe បានដួលមុនពេលលោកទៅដល់ ។ ក្រោយមកសារមួយត្រូវបានផ្ញើចេញដោយស្វ័យប្រវត្តិពីនាឡិកា Apple Watch របស់លោក Bob ទៅកាន់ទូរស័ព្ទ iPhone របស់ Gabe ប្រាប់ថាលោក Bob បានជួបគ្រោះថ្នាក់ ។
គួរឱ្យដឹងថា Apple Watch Series 4 និង Series ក្រោយៗ បានដាក់បញ្ចូលនូវមុខងារ Fall Detection ដែលវានឹងបិទដោយស្វ័យប្រវត្តិប្រសិនបើអ្នកអាយុក្រោម ៦៥ ឆ្នាំ ប៉ុន្តែអ្នកនៅតែអាចបើកដំណើរការមុខងារនេះបាន តាមរយៈកម្មវិធី Watch នៅលើ iPhone ។
មុខងារនេះធ្វើការត្រួតពិនិត្យដ៏វៃឆ្លាត នៅពេលការដួលភ្លាមៗបានកើតឡើង ហើយទាក់ទងទៅអ្នកសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកពាក់មិនចុចបិទសារព្រមានក្នុងរយៈពេល ១ នាទី ។ ប្រសិនបើជនរងគ្រោះបានបំពេញព័ត៌មានសម្រាប់ទាក់ទងពេលអាសន្ន នោះវានឹងផ្ញើសារ និង ទីតាំងរបស់នាឡិកាតែម្តង ៕
ប្រភព ៖ 9to5mac