ជាដំណឹងដ៏តក់ស្លុត និង សោកស្ដាយបំផុតមួយសម្រាប់មហាជនក្នុងប្រទេសចិន ដោយតារាសម្ដែងជើងចាស់ Zhu Longguang ល្បីសម្ដែងជាតួអង្គ «ព្រះយូឡាយ» ក្នុងរឿង «Journey to the West» ជំនាន់ឆ្នាំ ១៩៨៧ បានទទួលមរណភាពហើយក្នុងវ័យ ៨៦ ឆ្នាំ។

ដំណឹងមរណភាពរបស់តារាជើងចាស់រូបនេះដែរ ត្រូវបានប្រកាសជាសាធារណៈដោយក្រុមគ្រួសាររបស់លោកកាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ដោយទម្លាយថាលោកបានទទួលមរណភាពនៅមួយថ្ងៃមុននេះនៅក្រុងប៉េកាំង ប្រទេសចិន ដោយសារតែរោគាពាធ។

ក្រោយទទួលដំណឹង មហាជន និង សិល្បករជាច្រើនក្នុងប្រទេសចិន បានសម្ដែងការសោកស្ដាយជាខ្លាំងដែលបានបាត់បង់តារាជើងចាស់ដ៏ល្បីរូបនេះ និង បាននាំគ្នាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ បួងសួងឱ្យវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភពផងដែរ៕

