នៅក្នុងប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា ឬ Influencers ជាច្រើន តែងឃើញធ្វើការបង្ហោះវីដេអូចែករំលែកចំណេះដឹង និង ការណែនាំពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុ ជួយអ្នកទស្សនាឱ្យចេះទុកដាក់ គ្រប់គ្រងលុយកាក់ និង គន្លឹះវិនិយោគរកលុយបានងាយៗជាដើម ទាំងដែលការចែករំលែកទាំងនោះមិនមានប្រភពច្បាស់លាស់ ឬស្របតាមអ្នកជំនាញដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវឡើយ។

ជាការឆ្លើយតបនឹងការកើនឡើងនៃ Influencers ទាំងនោះ ខាងអាជ្ញាធរក៏បានដាក់ចេញគោលការណ៍ណែនាំថ្មីមួយលើការផ្សព្វផ្សាយផលិតផលទីផ្សារមូលធន និង សេវាកម្មពាក់ព័ន្ធគ្នានេះ ដែលចូលជាធរមានចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ តទៅ។ តាមគោលការណ៍ណែនាំថ្មីនេះដែរ បានលើកឡើងថា ខណៈគណៈកម្មការមូលបត្រម៉ាឡេស៊ី (SC) កំពុងត្រួតពិនិត្យលើការផ្សព្វផ្សាយផលិតផលទីផ្សារមូលធន និង សេវាកម្មដល់ពលរដ្ឋម៉ាឡេស៊ី អ្នកផលិតមាតិកាទាំងឡាយគួរតែប្រុងប្រយ័ត្នលើអ្វីដែលពួកគេបានចែករំលែក ព្រោះថាសកម្មភាពខ្លះអាចទាមទារឱ្យមានអាជ្ញាប័ណ្ណ ឬការចុះបញ្ជីត្រឹមត្រូវ។

ពួកគេបានបន្ថែមទៀតថា ចំពោះអ្នកដែលមិនមានអាជ្ញាប័ណ្ណ ឬចុះបញ្ជីត្រឹមត្រូវ គឺចាត់ទុកជាការបំពានច្បាប់ធ្ងន់ធ្ងរ ប្រឈមនឹងការពិន័យជាសាច់ប្រាក់រហូតដល់ ១០ លានរីងហ្គីត (ប្រមាណជាង ២ លានដុល្លារ) ឬជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ៕

ប្រភព៖ World Of Buzz