កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ វេលាម៉ោងប្រមាណជា ៥ ល្ងាច មានករណីដ៏រន្ធត់មួយកើតមានឡើងក្នុងប្រទេសវៀតណាម ដោយស្ត្រីវ័យ ៤២ ឆ្នាំម្នាក់ ត្រូវបានកូនប្រុសបង្កើតវ័យ ២១ ឆ្នាំ យកសាំងមួយដបមកចាក់ដុតសម្លាប់ម្ដាយទាំងរស់ ឱ្យរត់ស្រែកទាំងក្ដីឈឺចាប់ពេញដងផ្លូវគួរឱ្យសង្វែគជាទីបំផុត។ តាមព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្នស្ត្រីរងគ្រោះកំពុងតែធ្វើការសង្គ្រោះព្យាបាលបន្ទាន់នៅក្នុងមន្ទីរពេទ្យជោរៃ ក្រុងហូជីមីញ។
តាមការរៀបរាប់ មុនពេលកើតហេតុនៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ស្ត្រីរងគ្រោះបានត្រឡប់មកពីលក់ឆ្នោតទៅបន្ទប់ជួលខ្លួនវិញ ដែលមានទីតាំងនៅសង្កាត់ ៥ ក្រុង Tra Vinh។ យ៉ាងណាមិញ ភ្លាមៗនោះក៏ស្រាប់តែកូនប្រុសជាជនដៃដល់បានយកសាំងច្រកក្នុងដបទឹកមួយលីត្រកន្លះស្រោចលើខ្លួនម្ដាយរួចដុតយកតែម្ដង ធ្វើឱ្យភ្លើងឆាបឆេះឡើងពាសពេញរាងកាយម្ដាយអមដោយសម្រែកដោយក្ដីឈឺចាប់។ ភ្លាមៗនោះដែរ អ្នកជិតខាងក៏បានចូលមកជួយដោយប្រើបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែកូនប្រុសឈាមខ្មៅរូបនោះបែរជាដើរមកទាត់ធាក់អ្នកជិតខាងមិនឱ្យចូលជួយម្ដាយរបស់ខ្លួននោះឡើយ។ ជាងនេះទៅទៀត រូបគេថែមទាំងបានយកដុំថ្ម និង មែកឈើមកវាយវាត់លើខ្លួនម្ដាយបន្ថែមទៀត តែបានអ្នកជិតខាងយកបំពង់ពន្លត់អគ្គិភ័យបាញ់សំដៅទៅមុខរបស់ជនបង្កដើម្បីឱ្យចេញពីការធ្វើបាបជនរងគ្រោះ។
អ្វីដែលកាន់តែខ្លោចចិត្តនោះ តាមសម្ដីរបស់អ្នកជិតខាងបានរៀបរាប់ថា ស្ត្រីរងគ្រោះជាញឹកញាប់តែងតែប្រាប់គេឯងថាកូនគាត់ម្នាក់នេះស្រឡាញ់ម្ដាយខ្លាំងជាងគេ តែងប្រឹងធ្វើការ និង ផ្ញើលុយមកឱ្យម្ដាយផ្គត់ផ្គង់ចិញ្ចឹមប្អូនៗនៅផ្ទះ។ គួរឱ្យដឹងថា ជនបង្កធ្វើការងារនៅខេត្ត Binh Phouc ដោយទើបតែត្រឡប់មកផ្ទះវិញកាលពីខែមករាកន្លងទៅនេះ ហើយថ្មីៗនេះ រូបគេហាក់បង្ហាញអាការកើតជំងឺផ្លូវចិត្ត (depression) និង តែងឈ្លោះជាមួយម្ដាយញឹកញាប់។
បច្ចុប្បន្ន ជនដៃដល់ជាកូនត្រូវបានប៉ូលិសចាប់ឃុំនៅប៉ុស្តិ៍ដើម្បីសាកសួរនាំបន្ថែមជុំវិញករណីដុតសម្លាប់ម្ដាយនេះ ហើយចំពោះការតេស្តរកសារធាតុញៀនក្នុងខ្លួន រូបគេគឺមិនមានរកឃើញប្រើប្រាស់គ្រឿងញៀននោះឡើយ៕
ប្រភព៖ Kenh14