ការប្រកួតប្រដាល់គុនខ្មែរដ៏កក្រើក នៅរាត្រីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ម្សិលមិញ ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនកុះករពីបណ្ដាទស្សនិកជនរាប់ពាន់ម៉ឺននាក់ ទាំងការទៅទស្សនាផ្ទាល់ និង តាមរយៈការផ្សាយផ្ទាល់តាមបណ្ដាញសង្គមផ្សព្វផ្សាយហ្វេសប៊ុក។
ក្នុងចំណោមគូប្រកួតអន្តរជាតិទាំងអស់ មហាជនហាក់ចាប់អារម្មណ៍ខ្លាំងទៅលើគូកីឡាករ ព្រំ សំណាង និង ស្ដេចប្រដាល់របស់មីយ៉ាន់ម៉ា ដាវ លីឌុច (Dave Leduc) ជាងគេ ព្រោះគេជឿថា គូនេះគឺជាគូដែលល្អមើលខ្លាំង ដោយសារកីឡាករប្រកួត សុទ្ធតែជាជើងខ្លាំង មានឈ្មោះល្បី មានក្បាច់គុនល្អ មានចំណុចពិសេស និង ភាពខ្លាំងរៀងៗខ្លួន។
ការប្រកួតដ៏ស្វិតស្វាញរយៈពេល ១ ទឹកស្មើនឹង ៩ នាទី រវាងកីឡាករជើងខ្លាំងរបស់កម្ពុជា ព្រំ សំណាង និង ស្ដេចប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច ត្រូវបានចៅក្រមផ្ដល់ពិន្ទុឱ្យគូនេះ ស្មើគ្នា ដែលលទ្ធផលនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យគុនខ្មែរ មានការសោកស្ដាយជាខ្លាំង។
យ៉ាងណាមិញ ក្រោយចប់ការប្រកួត ព្រំ សំណាង បានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនថា ៖ «ខ្ញុំបាទ ព្រំ សំណាង គ្រាន់តែឮស្រក់ទឹកភ្នែក ជីវិតខ្ញុំ ខ្ញុំមិននឹកស្មានថាបានដល់ប៉ុននេះទេ ដោយសារតែពុកម៉ែបងប្អូនដឹងហើយថាជីវិតខ្ញុំ ប្រឡូកក្នុងវិស័យគុនខ្មែរនេះ បើសម័យកូវីដជំពាក់ថ្លៃផ្ទះជួលគេ ៣-៤ ខែគេទារ រកតែលុយទិញទឹកសុទ្ធមិនបានផង តែជីវិតស្រឡាញ់គុនខ្មែរ ទ្រាំខាំមាត់ខាំស្មៅដើម្បីគុនខ្មែរ តែចុងក្រោយ គុនខ្មែរបានឱ្យផលខ្ញុំបានដល់សព្វថ្ងៃនេះ ខ្ញុំអរគុណ គុនខ្មែរ»៕