ខ្លាចអត្តពលិកបែកអារម្មណ៍! កម្មវិធី Grindr ប្រកាសផ្អាកដំណើរការសិនអំឡុងព្រឹត្តិការណ៍អូឡាំពិក ២០២៤ នៅប៉ារីស
បច្ចុប្បន្ន កម្មវិធីកីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤ បានកំពុងតែចាប់ផ្តើមនៅប្រទេសបារាំង ដែលមានរយៈពេលពីរអាទិត្យ គិតចាប់ពីថ្ងៃទី ២៦ ខែ កក្កដា ដល់ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៤។ អ្នកដែលចង់ឆាតទាក់ទង ឬមានស្នេហាជាមួយ អត្តពលិកអំឡុងពេលនេះ អាចនឹងពិបាកបន្តិច ដោយសារតែ Grindr ដែលជាកម្មវិធី App ឆាតស្វែងរកអ្នកស្រលាញ់ភេទដូចគ្នាឬ LGBTQ+ បានបិទដំណើរការទៅលើមុខងារ Location Sharing ឬផ្ញើចែកចាយទីតាំង ដើម្បីការពារអត្តពលិកពីការរំខាន ឬជាប់ចោទ។
ជាក់ស្តែង ក្រុមហ៊ុន Grindr បានបង្ហោះប្រកាសនៅក្នុងប្លុក(Blog) របស់ខ្លួនថា សម្រាប់ អត្តពលិកដែលមិនអនុញ្ញាតឱ្យចេញក្រៅ ឬមកពីប្រទេសដែលមានច្បាប់តឹងរឹងទៅលើការស្រលាញ់ភេទដូចគ្នា LGBTQ+ ការប្រើកម្មវិធី app នេះអាចធ្វើឱ្យពួកគេប្រឈមបែកអារម្មណ៍ក្នុងការប្រកួត ឬចាកចេញពីការប្រកួត ដោយសារតែបុគ្គលផ្សេងៗព្យាយាមស្គាល់អត្តសញ្ញាណរបស់ពួកគេ និង ចង់ជួបពួកគេ។
យ៉ាងណាមិញ អំឡុងនេះមនុស្សដែលនៅក្នុងភូមិអូឡាំពិក (Olympic Village)ទីតាំងស្នាក់របស់អត្តពលិក នៅតែអាចប្រើប្រាស់កម្មវិធី Grindr បាន ប៉ុន្តែមុខងារផ្ញើទីតាំងត្រូវបានបិទមិនឱ្យដំណើរការ។
យោងតាមគេហទំព័រដែលលើកកម្ពស់អត្តពលិក LGBTQ+ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសនេះ មានអត្តពលិកជាអ្នកស្រលាញ់ភេទដូចគ្នាចូលរួមប្រមាណ ១៥៥ នាក់ ក្នុងចំណោមអត្តពលិកដែលចូលរួមចំនួនជាង ១ ម៉ឺននាក់។ កម្មវិធី Grindr បានធ្វើការផ្លាស់ប្តូរមុខងារមួយចំនួនសម្រាប់អ្នកប្រើប្រាស់នៅក្នុងទីតាំង Olympic Village ដូចជាបិទការបង្ហាញរយៈចម្ងាយ ការផ្ញើទីតាំង និង មិនឱ្យអ្នកដទៃដឹងពីទីតាំងរបស់ពួកគេ។
ក្រុមហ៊ុន Grindr និយាយដែរថា ការផ្លាស់ប្តូរនេះអាចជួយឱ្យអត្តពលិកធ្វើការទំនាក់ទំនងគ្នាដោយមិនបារម្ភខ្លាចគេដឹងថាខ្លួនមកពីណា និង ស្គាល់មុខមាត់យ៉ាងម៉េច។ ទោះយ៉ាងណា Grindr អនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅក្នុងទីតាំង Olympic Village អាចផ្ញើឆាតរូបភាពដែលរលុបវិញដោយខ្លួនឯងឥតកំណត់ និង អាចលុបឆាតដោយឥតគិតថ្លៃ ខណៈដែលមុខងារទាំងនេះជាធម្មតាសុទ្ធសឹងគិតលុយទាំងអស់។ សម្រាប់ការផ្ញើវីដេអូបែបឯកជនក៏ត្រូវបានផ្អាកដំណើរការផងដែរ៕