
ធ្ងន់ហើយ! Neymar Jr. ត្រូវរដ្ឋាភិបាលផាកពិន័យជាង ៣ លានដុល្លារ ពីបទបំពានច្បាប់បរិស្ថាន
សារព័ត៌មាន Reuters នាពេលថ្មីៗនេះបានចុះផ្សាយថា អាជ្ញាធរប្រេស៊ីល បានប្រកាសកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅថា កីឡាករបាល់ទាត់ឆ្នើម Neymar ត្រូវបានពិន័យជាប្រាក់ចំនួន ១៦ លាន reais (លុយប្រេស៊ីស) ដែលប្រហែលនឹងជាង ៣.៣ លានដុល្លារអាមេរិក ដោយសារតែការបំពានច្បាប់បរិស្ថាន ក្នុងអំឡុងពេលសាងសង់វិមានរបស់លោក នៅតាមមាត់ឆ្នេរនៅភាគអាគ្នេយ៍ នៃប្រទេសប្រេស៊ីល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា គម្រោងវិមានដ៏ប្រណីតរបស់លោក Neymar បានបំពានច្បាប់ទាក់ទងនឹងការប្រើប្រាស់ ប្រភពទឹកសាប ថ្ម និង ខ្សាច់ ដែលបណ្ដាលឱ្យអាជ្ញាធរមូលដ្ឋានដាក់ពាក្យប្ដឹងលើកដំបូងកាលពីចុងខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ និង តុលាការបានសម្រេចនៅពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដោយសម្រេចផាកពិន័យជាប្រាក់ចំនួនជាង ៣ លានដុល្លារអាមេរិក។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះអ្នកនាំពាក្យរបស់លោក Neymar បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះឡើយ។
គួរបញ្ជាក់ដែរថា វិមាន ដែលលោក Neymar កំពុងសាងសង់នេះមានទីតាំងនៅទីក្រុង Mangaratiba តាមឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋ Rio de Janeiro ក្នុងប្រទេសប្រេស៊ីល។ ហើយក្រៅពីការផាកពិន័យ ករណីនេះនឹងត្រូវកាត់ទោសដោយការិយាល័យអគ្គមេធាវីក្នុងតំបន់ ព្រមទាំងប៉ូលីស និង ការិយាល័យការពារបរិស្ថានក្នុងចំណោមស្ថាប័នគ្រប់គ្រងបរិស្ថានផ្សេងទៀត៕
ប្រភព ៖ Reuters