បានត្រឹមសោកស្ដាយ! គ្រូហុងដា បង្ហោះសារសម្រេចបិទក្លឹប Soltilo Angkor ក្រោយបើកបាន ៦ ឆ្នាំ
អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda នៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានបង្ហោះសារជូនដំណឹងថា លោកសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលបានដំណើរការតាំងពីឆ្នាំ ២០១៧ មកនោះហើយ។
លោក Keisuke Honda បានឱ្យដឹងថា ក្លឹបនេះដំណើរការអស់រយៈពេលប្រាំមួយឆ្នាំមកហើយ ជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល ថ្នាក់ដឹកនាំក្លឹបមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបាន ហើយមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។
ទន្ទឹមគ្នានេះ អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារូបនេះបានបញ្ជាក់បន្ថែមថា ៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។ ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា!»៕