ក្តៅគគុក! ថៃបញ្ជាក់ហើយមិនបញ្ជូនអត្តពលិកចូលរួមប្រកួត «គុនខ្មែរ» ក្នុងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាទេ
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាគមស្ម័គ្រចិត្តប្រដាល់ Muay Thai បានបញ្ជាក់ថានឹងមិនបញ្ជូនអត្តពលិកទៅប្រកួតកីឡាគុនខ្មែរ ក្នុងស៊ីហ្គេមឆ្នាំ ២០២៣ នៅក្នុងប្រទេសកម្ពុជាទេ។
ក្នុងករណីមួយនេះដែរ គឺត្រូវបានគេបញ្ជាក់ពីកិច្ចប្រជុំពិសេសមុនរៀបចំស៊ីហ្គេមរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ ដោយមានប្រទេសចំនួន ៧ គាំទ្រក្នុងការប្រកួត ដូចជា កម្ពុជា, មីយ៉ាន់ម៉ា, ឡាវ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម និង ម៉ាឡេស៊ី។ ហើយក្នុងនោះដែរ កីឡាអូឡាំពិកកម្ពុជាបាននិយាយថា ថៃនឹងបញ្ជូនអត្តពលិកមកចូលរួមប្រកួតកីឡា «គុនខ្មែរ» ផងដែរ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងមួយនេះដែរ លោកបណ្ឌិត Sakchai Thapsuwan ប្រធានសមាគមកីឡាប្រដាល់ Muay Thai និង ជាប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់ Muay Thai អន្តរជាតិ ឬ IFMA បានបញ្ជាក់ថា ប្រទេសថៃនឹងមិនបញ្ជូនអត្តពលិកមកចូលរួមប្រកួត «គុនខ្មែរ» ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាឡើយ ដោយសារតែប្រទេសថៃ មិនដែលមានអត្តពលិក ឬ សមាគមកីឡាគុនខ្មែរនោះទេ៕