(វីដេអូ) ផ្ទុះចម្ងល់ព្រាត ក្រោយឃើញគ្រូបង្វឹកជម្រើសជាតិហ្គាណា លួចថត Selfie ជាមួយ Son Heung Min ពេលកំពុងស្រក់ទឹកភ្នែក
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ជំនួបរវាងក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិហ្គាណា ដែលជាលទ្ធផល ហ្គាណា បានយកឈ្នះ កូរ៉េខាងត្បូង ៣-២ ក្នុងការប្រកួតពូល H នៃព្រឹត្តិការណ៍ FIFA World Cup 2022។
យ៉ាងណាមិញ បន្ទាប់ពី ហ្គាណា បានយកឈ្នះ កូរ៉េខាងត្បូង រួចមក កីឡាករជើងឯកលោក Son Heungmin សម្ដែងក្ដីសោកស្ដាយលាយឡំជាមួយទឹកភ្នែក ព្រមទាំងតូចចិត្តយ៉ាងខ្លាំងដោយសារតែ ឱកាសដែលពួកគេបន្តក្នុងការប្រកួតមួយនេះមានការថយចុះ។
ដោយឡែក ភ្លាមៗនោះមហាជនក៏សង្កេតឃើញថា គ្រូបង្វឹកសញ្ជាតិហ្គាណាម្នាក់ បានលើកទូរស័ព្ទរួចថតរូប Selfie ជាមួយ Son Heungmin ខណៈពេលដែលកីឡាកររូបកំពុងតែស្ថិតក្នុងកាលៈទេសៈដ៏ពិបាកមួយ ដែលធ្វើឱ្យអ្នកទស្សនាជាច្រើនមានភាពងឿងឆ្ងល់ជាខ្លាំង ថាហេតុអ្វីបានជាគ្រូបង្វឹករូបនេះធ្វើបែបនេះ រីឯវីដេអូនោះក៏ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមផងដែរ។
គួរឱ្យដឹងផងដែរថា លោក Son Heung Min មិនត្រឹមតែមានឈ្មោះជាកីឡាករឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះទេ លោកថែមទាំងជាបុគ្គលលេចធ្លោមួយរូបនៅក្នុងក្លិបបាល់ទាត់ដ៏ធំរបស់អង់គ្លេស ដែលមានឈ្មោះថា Tottenham Hotspur ផងដែរ៕