យប់មិញ អុបប៉ាពាក់លេខ ៧ និង លេខ ៩ របស់ជម្រើសជាតិកូរ៉េ ជះភាពសង្ហាលើទីលាន អ្នកគាំទ្ររំជួលបេះដូងព្រាត
កាលពីយប់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022 ក៏បានបន្តការប្រកួតជាហូរហែរ ដើម្បីស្វែងរកជើងខ្លាំងដែលអាចយកឈ្នះគូប្រកួត ដណ្ដើមយកពានរង្វាន់លំដាប់ពិភពលោកមួយនេះ។
ក្នុងចំណោមគូប្រកួតទាំង ៤ គូ កាលពីយប់ថ្ងៃទី ២៤ ខែវិច្ឆិកា កន្លងទៅនេះ គូពិសេសរវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ គឺទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់មហាជនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់។
ក្នុងការប្រកួតយ៉ាងស្វិតស្វាញពីសំណាក់ក្រុមជម្រើសជាតិនៃប្រទេសកូរ៉េខាងត្បួង និង អ៊ុយរ៉ាហ្គាយ គឺបានធ្វើឱ្យមហាជនជក់ចិត្តជាខ្លាំង ដោយក្រុមទាំង ២ នេះ បញ្ចេញសមត្ថភាពរៀងៗខ្លួននៅលើទីលាន រហូតដល់អាជ្ញាកណ្ដាល ផ្លុំកញ្ចែបញ្ចប់ការប្រកួត ជាមួយនឹងលទ្ធផលស្មើគ្នា ០ ទល់នឹង ០។
ដោយឡែក ក្រៅពីជក់ចិត្តដិតអារម្មណ៍ជាមួយនឹងការប្រកួតប្រជែងហើយនោះ មហាជនអ្នកគាំទ្រមួយចំនួនធំ ជាពិសេសនារីៗ ក៏ហាក់ចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករជម្រើសជាតិកូរ៉េខាងត្បូងចំនួន ២ រូបផងដែរ រួមមានប្រធានក្រុមពាក់អាវលេខ ៧ Son Heung-min និង កីឡាករពាក់អាវលេខ ៩ Cho Gue Song។
កីឡាករជម្រើសជាតិកូរ៉េខាងត្បូងទាំង ២ រូបនេះ បាននឹងកំពុង trending ពាសពេញបណ្ដាញសង្គមនានា មិនថាបណ្ដាញសង្គម ហ្វេសប៊ុក Twitter ឬក៏ Instagram នោះឡើយ ដោយសារតែរូបរាង និង មុខមាត់ដ៏ស្រស់សង្ហារបស់ពួកគេ៕