កុមារទេព Kamaludin កំពុងផ្ទុះល្បីពេញបណ្ដាញសង្គម ក្រោយទាយឆុតត្រូវពីរលើកជាប់គ្នា
Kamaludin គឺជាក្មេងប្រុសកាន់នូវសាសនាឥស្លាម មានស្រុកកំណើតនៅខេត្ត Yala ប្រទេសថៃ តែងបង្ហាញវីដេអូលើកម្រាមដៃកណ្ដាល ហើយត្រូវបានតារាល្បីៗជាច្រើនកាត់តជាវីដេអូសំណើចផ្សេងៗ ដោយមានចំនួនអ្នកទស្សនាចុចឱ្យបេះដូងរាប់លាននាក់។
ថ្មីៗនេះ ក្មេងប្រុសខាងលើត្រូវបានកក្រើកលើបណ្ដាញសង្គមជាថ្មី ក្រោយរូបគេបង្ហោះវីដេអូ និង រូបភាពទស្សន៍ទាយគ្រាប់បាល់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដោយទស្សន៍ទាយយកក្រុមបាល់ទាត់ជម្រើសជាតិ នៅអាស៊ីចំនួន ២ ក្រុម ដែលមានដូចជា ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត និង ក្រុមជម្រើសជាតិជប៉ុន។
ជាលទ្ធផលក្រោយចប់ការប្រកួត ក្រុមជម្រើសជាតិអាស៊ីទាំង ២ ក្រុម សុទ្ធតែអាចយកឈ្នះក្រុមជម្រើសជាតិខ្លាំងៗ ដោយអារ៉ាប៊ីសាអូឌីត យកឈ្នះអាហ្សង់ទីន ក្នុងលទ្ធផល ២-១ និង ជប៉ុន យកឈ្នះអាល្លឺម៉ង់ក្នុងលទ្ធផល ២-១ ដូចគ្នា។
តាមរយៈការទស្សន៍ទាយត្រូវយ៉ាងឆុតទាំង ២ គូខាងលើ ប្រិយមិត្តអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកស្នេហាវិស័យបាល់ទាត់ បាននាំគ្នាដាក់រហស្សនាមឱ្យក្មេងប្រុស Kamaludin ថាជា «កុមារទេព» ខណៈការប្រកួតនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្មេងប្រុសខាងលើក៏ទស្សន៍ទាយយកក្រុមជម្រើសជាតិកូរ៉េខាងត្បូង យកឈ្នះជម្រើសជាតិ អ៊ុយរ៉ាហ្គាយ៕