កូរ៉េខាងត្បូង ត្រៀមអ្នកការពារជិត ៤០០ នាក់ ចាំការពារសុវត្ថិភាពហ្វេនជុំគ្នាមើល World Cup យប់នេះ
នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ លោកនាយករដ្ឋមន្ត្រីប្រទេសកូរ៉េខាងត្បួង Han Deok Soo បានស្នើដល់ភ្នាក់ងារ និង ក្រសួងពាក់ព័ន្ធទាំងអស់ ឱ្យត្រៀមខ្លួនដោយប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចកើតមានឡើង អំឡុងពេលប្រជាជនប្រមូលផ្ដុំគ្នាធ្វើការអបអរគាំទ្រក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងការប្រកួតបើកឆាកដំបូង World Cup 2022 នៅប្រទេសកាតា ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។
គួរឱ្យដឹងថា នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ រដ្ឋាភិបាលក្រុងសេអ៊ូល បានធ្វើការប្រកាសជាផ្លូវការ អនុញ្ញាតឱ្យក្រុមអ្នកគាំទ្រជម្រើសជាតិកូរ៉េខាងត្បូង អាចធ្វើការជួបជុំគ្នាលក្ខណៈទ្រង់ទ្រាយធំនៅតាមដងផ្លូវនៃទីលាន Gwanghwamun Square អំឡុងពេលការប្រកួតបើកឆាកដំបូងរវាងកូរ៉េខាងត្បូង ជាមួយនឹងក្រុមអ៊ុយរ៉ាហ្គាយ។
ការអនុញ្ញាតឱ្យមានការជួបជុំទ្រង់ទ្រាយធំនេះ នឹងប្រព្រឹត្តធ្វើឡើងនៅលាន Gwanghwamun Square នៅថ្ងៃទី ២៤ ទី ២៨ ខែវិច្ឆិកា និងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២២។ បើតាមគម្រោងសុវត្ថិភាពដែលផ្ញើទៅឱ្យរដ្ឋាភិបាលក្រុងសេអ៊ូលកាលពី ៣ ថ្ងៃមុន បានបញ្ជាក់ថា នៅថ្ងៃនោះនឹងមានក្រុមការពារសុវត្ថិភាពចំនួន ៣៤០ នាក់ ដែលចំនួននេះគឺលើស ៣ ដងនៃចំនួនអ្នកការពារសុវត្ថិភាពអំឡុងពេលប្រកួត World Cup ឆ្នាំ ២០១៨។
គួរបញ្ជាក់ផងដែរថា ចំនួនអ្នកចូលរួមអបអរការប្រកួតក្រុមជម្រើសជាតិកូរ៉េខាងត្បូង រំពឹងថានឹងមានចំនួនប្រមាណ ៨ ពាន់នាក់ក្នុងការប្រកួតចំនួន ២ លើក ដោយបើកឆាកដំបូងនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ កូរ៉េខាងត្បូងនឹងប៉ះគ្នាជាមួយក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ និងនៅថ្ងៃទី ២៨ ខែវិច្ឆិកាខាងមុខ កូរ៉េខាងត្បូងនឹងប៉ះគ្នាជាមួយក្រុមហ្គាណា។ បន្ថែមពីនេះទៅទៀត ក្នុងការប្រកួតប៉ះគ្នានឹងក្រុមព័រទុយហ្គាល់នៅថ្ងៃទី ០២ ខែធ្នូខាងមុខនេះ ចំនួនអ្នកគាំទ្ររំពឹងថានឹងអាចកើនរហូតដល់ ១ ម៉ឺននាក់៕