អ៊េមណាស់! អារ៉ាប៊ីសាអូឌីត ប្រកាសយកថ្ងៃនេះ ជាថ្ងៃសម្រាកទូទាំងប្រទេស ក្រោយប្រកួតឈ្នះអាហ្សង់ទីនយប់មិញ
ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានធ្វើការប្រកាសយកថ្ងៃពុធ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ជាថ្ងៃសម្រាកទូទាំងប្រទេស ក្រោយការទទួលបានភាពជោគជ័យដ៏ធំធេងលើការឈ្នះការប្រកួត World Cup 2022 នៅកាតា ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។
ក្នុងការបើកឆាក ១០ នាទីដំបូង ក្រុមអារ៉ាប៊ីសាអូឌីត បានចាញ់អាហ្សង់ទីន ១ ទល់នឹង ០ ក្រោយ Messi ស៊ុតប៊េណាំងទីបញ្ចូលទី។ ទោះជាយ៉ាងណា មកដល់តង់ទី ២ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ហាក់បង្ហាញភាពស្វិតស្វាញវិញ រហូតអាចទទួលជ័យជម្នះលើអាហ្សង់ទីនក្នុងលទ្ធផល ២ ទល់នឹង ១។
ជាមួយលទ្ធផលដ៏អស្ចារ្យនេះដែរ ព្រះមហាក្សត្រប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានធ្វើការអបអរនឹងជ័យជម្នះឱ្យប្រទេសមួយនេះ ដោយប្រកាសដាក់ថ្ងៃសម្រាកទូទាំងប្រទេសដល់ប្រជាពលរដ្ឋរបស់ព្រះអង្គ។ តាមសារលិខិតប្រកាសបានបញ្ជាក់ថា ៖ «នៅថ្ងៃស្អែក ត្រូវនឹងថ្ងៃពុធ នឹងក្លាយជាថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិកនៅស្ថាប័នទាំងអស់ ទាំងរដ្ឋ និង ឯកជន និង សិស្ស និស្សិតទាំងស្រីទាំងប្រុស នៅរាល់សាលាគ្រប់ជាន់ថ្នាក់»៕