Messi ពោលពាក្យឈឺចាប់បំផុតទាំងនេះឡើង ក្រោយជួបការបរាជ័យដ៏ធំបំផុតយប់មិញ
ក្នុងការប្រកួតដ៏ស្វិតស្វាញក្នុងពហុកីឡដ្ឋាន Lusail ប្រទេស កាតា នាយប់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្រុមជម្រើសជាតិប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យអ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីនធ្លាក់ទឹកមុខជាខ្លាំង ក្រោយពីពួកគេបានយកឈ្នះក្រុមអាហ្សង់ទីន ក្នុងការប្រកួត World Cup 2022 ជាមួយលទ្ធផល ២ ទល់នឹង ១។
ដោយឡែកក្រោយចប់ការប្រកួត Lionel Messi បានថ្លែងប្រាប់អ្នកសារព័ត៌មានទាំងក្ដីឈឺចាប់ថា ៖ «យើងគ្មានអ្វីត្រូវដោះសារនោះឡើយ។ ពួកយើងនឹងរួបរួមគ្នាឱ្យបានល្អជាងនេះទៀត។ ក្រុមនេះ គឺខ្លាំងរឹងមាំ ហើយយើងក៏បានបង្ហាញឱ្យគ្រប់គ្នាបានឃើញដែរ ហើយស្ថានការណ៍ដែលយើងជួបប្រទះពេលនេះ គឺយើងមិនធ្លាប់បានឆ្លងកាត់យូរមកហើយ។ ឥឡូវនេះ ពួកយើងនឹងត្រូវបង្ហាញថា នេះគឺជាក្រុមរបស់យើងពិតប្រាកដ»។
ជាមួយគ្នានោះដែរ Messi ក៏ត្រូវបានអ្នកសារព័ត៌មានសួរបន្ថែមជុំវិញអារម្មណ៍ក្រុម ក្រោយត្រូវផ្ដួលដោយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតនោះ។ Messi តបទាំងក្ដីឈឺចាប់ថា ៖ «ការពិត? ពួកយើងដូចជាស្លាប់អ៊ីចឹង។ វាពិតជាបរាជ័យដ៏ធំបំផុតមួយ ព្រោះថាយើងមិនរំពឹងថាការចាប់ផ្ដើមដំបូង គឺបែបនេះឡើយ»។
យ៉ាងណាមិញ ម្ចាស់ពានរង្វាន់ Ballon d’Or ៧ លើករូបនេះ បានស្នើដល់សមាជិកក្រុមរបស់លោក ក៏ដូចជាអ្នកគាំទ្រក្រុមអាហ្សង់ទីនទាំងអស់ ឱ្យនៅតែជឿជាក់លើក្រុម អំឡុងពេលកំពុងមានការអាក់អន់ចិត្តនេះ។ លោកបានបន្ថែមថា ៖«អ្វីៗកើតមានឡើងសុទ្ធតែមានហេតុផល។ ពួកយើងត្រូវត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតមានឡើង។ ពួកយើងត្រូវតែឈ្នះ ហើយវាក៏ពឹងលើខ្លួនយើងផងដែរ។ ខ្ញុំចង់ផ្ដាំទៅអ្នកគាំទ្រទាំងអស់ ឱ្យមានទំនុកចិត្តលើពួកយើង។ យើងមិនទុកពួកគេចោលនោះឡើយ»។
គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងប៉ះគ្នាជាមួយក្រុមជម្រើសជាតិម៉ិកស៊ិក ខណៈជម្រើសជាតិអារ៉ាប៊ីសាអូឌីត នឹងប៉ះគ្នាជាមួយក្រុមជម្រើសជាតិប៉ូឡូញ៕