អារ៉ាប៊ីសាអូឌីត ក្លាយជាជម្រើសជាតិ កាត់ផ្ដាច់កំណត់ត្រាមិនដែលចាញ់ ៣៦ ប្រកួតរបស់អាហ្សង់ទីន ក្នុងលទ្ធផល ២-១
ក្នុងការប្រកួតដ៏ស្វិតស្វាញក្នុងពហុកីឡដ្ឋាន Lusail ប្រទេស កាតា នាយប់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្រុមជម្រើសជាតិប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យអ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីនធ្លាក់ទឹកមុខជាខ្លាំង ក្រោយពីពួកគេបានយកឈ្នះក្រុមអាហ្សង់ទីន ក្នុងការប្រកួត World Cup 2022 ជាមួយលទ្ធផល ២ ទល់នឹង ១។
ក្រុមជម្រើសជាតិ អារ៉ាប៊ីសាអូឌីត ដែលចូលរួមប្រកួតប៉ះគ្នាជាមួយអាហ្សង់ទីននេះ ក្នុងក្ដីរំពឹងទទួលបានជ័យជម្នះទាបបំផុត ប៉ុន្តែបែរជាធ្វើឱ្យមហាជននិយមវិស័យកីឡាបាល់ទាត់ជាច្រើន បើកភ្នែកធំៗដោយក្ដីភ្ញាក់ផ្អើល ក្រោយក្រុមរបស់ពួកគេបែរជាអាចបំបាក់ក្រុមជម្រើសជាតិអាហ្សង់ទីនបានក្នុងលទ្ធផលមិនគួរឱ្យជឿនេះ។
គួរបញ្ជាក់ថា ការយកឈ្នះលើក្រុមជម្រើសជាតិអាហ្សង់ទីននេះដែរ បានធ្វើឱ្យក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ក្លាយជាក្រុមដែលអាចកាត់ផ្ដាច់កំណត់ត្រាមិនដែលចាញ់ ៣៦ ប្រកួតរបស់អាហ្សង់ទីនបាន៕