Harry Kane បោះពាក្យបែបនេះ ក្រោយអង់គ្លេសលត់អ៊ីរ៉ង់យ៉ាងចាស់ដៃថ្ងៃបើកឆាកពូល B
Harry Kane ប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «អង់គ្លេសបានធ្វើឱ្យប្រទេសរបស់ពួកគេមានមោទកភាព ដោយការប្រកួតដំបូងរបស់ជម្រើសជាតិខ្លួន បានលត់អ៊ីរ៉ង់យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-២ ក្នុងថ្ងៃបើកឆាករបស់ពូល B »។
ទោះបីជារកគ្រាប់បាល់ឱ្យខ្លួនមិនទាន់បានក្នុងការប្រកួតដំបូងរបស់អង់គ្លេសក្ដី តែទោះជាយ៉ាងណាក៏ខ្សែប្រយុទ្ធជើងចាស់របស់តោកំណាចអង់គ្លេសរូបនេះ បាននាំមិត្តរួមក្រុមលេងបានយ៉ាងល្អទាំងតំបន់ប្រយុទ្ធ និងតំបន់ខាងក្រោម ព្រមទាំងបញ្ជូនបាល់ឱ្យមិត្តរួម ក្រុម Raheem Sterling និង Marcus Rashford ទាត់បញ្ចូលទីបាន ២ គ្រាប់ថែមទៀតផង។
បច្ចុប្បន្នអង់គ្លេស បានឈរលើកំពូលតារាងពូល B ជាបណ្តោះអាសន្ន ដោយមាន ៣ ពិន្ទុ និង ៤ គ្រាប់ក្នុងដៃ ហើយការប្រកួតបន្ទាប់ តោកំណាចអង់គ្លេស នឹងត្រូវធ្វើការធ្ងន់លើសនេះបន្ថែម ព្រោះត្រូវប៉ះក្រុមខ្លាំងអាមេរិកនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕