ទីបំផុត! សហព័ន្ធបាល់ទាត់ឥណ្ឌា ចេញលិខិតសុំទោសកម្ពុជាចំពោះកំហុសឆ្គងយប់មិញ ព្រមទាំងបញ្ជាក់មូលហេតុបែបនេះ
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា តាមរយៈលិខិតចុះថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២២ បានចេញលិខិតសុំទោសដល់កម្ពុជា ចំពោះបញ្ហាទាក់ទងទៅនឹងសណ្ឋាគារ ក៏ដូចជាបញ្ហាដែលបានកើតឡើង នៅពេលកំពុងលេងភ្លេងជាតិខ្មែរ ក្នុងការប្រកួតពានរង្វាន់ AFC យប់មិញនេះ។
ខាងសហព័ន្ធបាល់ទាត់ឥណ្ឌា បានបញ្ជាក់បន្ថែមទៀតថា បញ្ហាពាក់ព័ន្ធទៅនឹងការលេងភ្លេងជាតិ ត្រូវបានពិភាក្សាជាមួយក្រុមការងារបច្ចេកទេស ហើយត្រូវបានគេជូនដំណឹងថា ដោយសារតែកំហុសបច្ចេកទេស នៅលើអេក្រង់។
គួររំឭកផងដែរថា នៅក្នុងជំនួបប្រកួតនាយប់ថ្ងៃទី ០៨ ខែមិថុនា នោះ ម្ចាស់ផ្ទះឥណ្ឌា បានបង្ហាញពីកំសោយភាពនៃការរៀបការប្រកួតក្នុងនាមជាម្ចាស់ផ្ទះ ពោលគឺកំឡុងពេលចាក់ភ្លេងជាតិនៃគូភាគីទាំង ០២ បើកឆាកមុនការប្រកួត ម្ចាស់ផ្ទះឥណ្ឌាខកខានការចាក់ភ្លេងជាតិជូនកម្ពុជា និង ត្រូវពន្យារពេលប្រកួតប្រមាណ ០៧ នាទី។
ទាក់ទិនរឿងនេះ តាមរយៈ SPORTSTAR បានបញ្ជាក់ឱ្យបានដឹងថា មូលហេតុនៃការពន្យារពេលប្រកួត ប្រមាណ ០៧ នាទី គឺអ្នករៀបចំកម្មវិធីប្រកួត មានបញ្ហារអាក់រអួលក្នុងការចាក់ភ្លេងតំណាងជាតិកម្ពុជា។ ក្រោយមកមន្ត្រីនៃក្រុមជម្រើសជាតិកម្ពុជា បានជួយរៀបចំចាក់ភ្លេងជាតិជូនកម្ពុជា តាមរយៈទូរស័ព្ទដៃ៕