ទីបំផុត ក្លិប Brentford អាចឈានជើងទៅលេងនៅ Premier League វិញ ក្រោយរង់ចាំអស់ ៧៤ ឆ្នាំ
ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្តកម្មវិធី EFL Championship នៅយប់ថ្ងៃសៅរ៍ទី ២៩ ខែឧសភាកន្លងមកនេះ ក្លិប Brentford ក្រោមការដឹកនាំរបស់លោក Thomas Frank លេងបានយ៉ាងល្អ ដោយអាចយកឈ្នះក្លិប Swansea City ក្នុងលទ្ធិផល ២-០ និង អាចលើកពានមួយនេះបាននៅពហុកីឡដ្ឋាន Wembley Stadium ទីក្រុងឡុង ។
ភាពជោគជ័យមួយនេះ គឺជាប្រវត្ដិសាស្រ្ដរបស់ក្លិប Brentford ដែលនៅរដូវកាលក្រោយពួកគេបានវិលត្រឡប់ទៅកាន់លីគកំពូល Premier League វិញម្ដងទៀត ជាលើកដំបូងក្នុងរយៈពេល ៧៤ ឆ្នាំ ចាប់តាំងពីរដូវកាលឆ្នាំ ១៩៤៦-១៩៤៧ មក ព្រមទាំងទទួលបានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន ១៧០ លានផោន (ប្រមាណ ២៤១.២៨ លានដុល្លារ) ទៀតផង ។
លើសពីនេះទៅទៀតការប្រកួតមួយនេះបានអនុញ្ញាតឱ្យមានអ្នកគាំទ្រចំនួន ១២ ០០០ នាក់អាចចូលទៅមើលការប្រកួតក្នុងកីឡដ្ឋានបាន ។ ដែលនេះជាគំរូដ៏ល្អមួយសម្រាប់វិស័យបាល់ទាត់នៅអនាគត ដែលអាចនឹងត្រលប់ទៅសភាពធម្មតាវិញឆាប់ៗនេះ ក្រោយពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ៕