ក្រុមសេះបង្កង Juventus បានតែងតាំងលោក Allegri ធ្វើជាគ្រូបង្វឹកវិញម្ដងទៀត
កាលពីថ្ងៃទី ២៨ ខែឧសភាកន្លងមកនេះ ក្រុមសេះបង្កង Juventus ទើបតែបណ្តេញលោក Andrea Pirlo ចេញពីតួនាទីជាគ្រូបង្វឹក ទោះបីទើបតែទទួលដំណែងបានតែ ១ រដូវកាលក៏ដោយ ក្រោយពីមិនអាចដឹកនាំក្រុមការពារជើងឯក Serie A នៅរដូវកាលនេះបាន ដោយអាចបញ្ចប់ត្រឹមតែលេខ ៤ ក្នុងតារាងតែប៉ុណ្ណោះ ។
នៅថ្ងៃតែមួយដែលបានបណ្តេញលោក Pirlo ចេញ ក្រុម Juventus បានប្រកាសតែងតាំងលោក Massimiliano Allegri ធ្វើជាគ្រូបង្វឹកថ្មីភ្លាមៗតែម្ដង ។ លោក Allegri បានចុះកុងត្រាជាមួយ Juventus រយៈពេល ៤ ឆ្នាំ រហូតដល់ខែមិថុនាឆ្នាំ ២០២៥ ។ ចំពោះប្រាក់ឈ្នួលក្នុងកុងត្រាត្រូវបានគេរំពឹងទុកថានឹងទទួលបានប្រហែល ៩ លានផោន (ប្រមាណ ១០.៩៧ លានដុល្លារ) ក្នុងមួយរដូវកាល ។
ចំពោះលោក Allegri មានអាយុ ៥៦ ឆ្នាំ ហើយលោកក៏ធ្លាប់ទទួលបន្ទុកជាគ្រូបង្វឹកក្រុម Juventus ម្ដងហើយដែរនៅចន្លោះឆ្នាំ ២០១៤-២០១៩ ។ ក្នុងរយៈពេល ៥ ឆ្នាំនេះ លោកទទួលបានភាពជោគជ័យជាច្រើន បានដឹកនាំក្រុមឈ្នះជើងឯក Serie A ចំនួន ៥ ដងជាប់ៗគ្នា លើកពាន Coppa Italia ចំនួន ៤ ដង និង នាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចំនួន ២ ដងផងដែរ ៕