Inter Milan បញ្ជាក់ច្បាស់ បានបញ្ចប់កុងត្រាជាមួយគ្រូបង្វឹករបស់ខ្លួនហើយ
Inter Milan បានបញ្ជាក់ជាផ្លូវការនៅថ្ងៃ ២៦ ខែឧសភាកន្លងទៅនេះថា ក្លិប Inter Milan បានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Antonio Conte ហើយ ដែលការបញ្ចប់កុងត្រានេះជាការព្រមព្រៀងគ្នារវាងភាគីទាំងសងខាង ។
តាំងពីទទួលដំណែងជាគ្រូឱ្យក្លិប Inter Milan អស់រយៈពេល ២ រដូវកាលមក គ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះ បានបំពេញតួនាទីយ៉ាងល្អ ជាពិសេសនៅរដូវកាលនេះតែម្ដង ។ ក្រោមការដឹកនាំរបស់លោក Antonio Conte នៅរដូវកាលនេះ Inter Milan អាចលើកពាន Serie A ជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំរបស់ក្រុម ហើយអាចបញ្ចប់ភាពអស្ចារ្យរបស់ក្រុម Juventus ដែលអាចលើកពាននេះជាប់គ្នាត្រឹម ៩ ជំនាន់ ។
ចំពោះហេតុផលនៃការបញ្ចប់កុងត្រាលើកនេះមានការរាយការណ៍ថា គ្រូបង្វឹករូបនេះមិនពេញចិត្តនឹងប្រធានក្លិបជនជាតិចិនដែលបម្រុងនឹងលក់ចេញកីឡាករល្អៗ ដើម្បីយកលុយ ៨០ លានផោន (ប្រមាណ ៩៧.៥៨ លានដុល្លា) រួមទាំងកាត់បន្ថយ ២០ ភាគរយរាល់ការចំណាយគ្រប់ផ្នែកទាំងអស់ក្នុងក្រុមទៀត ប៉ុន្តែនេះគ្រាន់តែជាហេតុផលដែលមានការរាយការណ៌ប៉ុណ្ណោះមិនទាន់មានការបញ្ជាក់ច្បាស់ពីក្លិបទេ ៕